អន្តរជាតិ

ប្រឡាយទឹកដ៏ស្រស់ស្អាត និងល្បីឈ្មោះមួយនៅអ៊ីតាលី ផ្តើមរីងស្ងួតយ៉ាងចម្លែកបំផុតមិនធ្លាប់ជួប

BY
Pheakdey
February 27, 2023

អ៊ីតាលី៖ ប្រឡាយទឹកនៅក្នុងទីក្រុង Venice ដែលធ្លាប់ជាកន្លែងទេសចរណ៍ដ៏​ស្រស់ស្អាតបំផុតនៅក្នុងប្រទេសអ៊ីតាលីបានរីងស្ងួតគួរឲ្យភ្ញាក់ផ្អើលបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Guardian។ ប្រឡាយទឹកដ៏មានសក្តានុពលមួយនេះបានផ្តើមរីងស្ងួតបន្តិចម្តងៗជាច្រើនសប្តាហ៍មកហើយ ខណៈនៅក្នុងសប្តាហ៍នេះគឺវាបានរីងស្ងួតដល់កម្រិតទាបបំផុត ពោលគឺកន្លែងខ្លះត្រូវគោកជិះទូកលែងកើតតែម្តង។

ប្រភពខាងលើបន្តថា មានកត្តាជាច្រើនដែលជំរុញឲ្យប្រឡាយត្រូវរីងស្ងួតដូចជា ខ្វះទឹកភ្លៀង ប្រព័ន្ធសម្ពាធខ្ពស់ និងកង្វះលំហូរនៃចរន្តទឹកសមុទ្រជាដើម។ គួរកត់សម្គាល់ថា ភាពរីងស្ងួតរបស់ប្រឡាយខាងលើនេះកំពុងបង្កើតជាក្តីកង្វល់ដ៏ធំមួយសម្រាប់អាជ្ញាធរអ៊ីតាលី ដ្បិតគេបារម្ភថាអ៊ីតាលីអាចប្រឈមនឹងគ្រោះរាំងស្ងួតក្នុងកម្រិតធ្ងន់ធ្ងរនៅទូទាំងប្រទេសនៅពេលដ៏ខ្លីខាងមុខនេះ។ សូមរម្លឹកជូនថា កាលពីខែមិថុនាឆ្នាំមុនប្រទេសអ៊ីតាលីបានជួបប្រទះនូវគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរបំផុតដែលមិនធ្លាប់កើតមាននោះទេក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនេះ ហើយពេលនោះអាជ្ញាធរអ៊ីតាលីបានប្រកាសដាក់ប្រទេសគ្រាមានអាសន្នទៀតផង៕

អត្ថបទ៖ ភក្តី

ក្រភព៖  The Guardian

Share This Post: