អន្តរជាតិ

ក្រុមហ៊ុន Pokemon គ្រោងបញ្ចេញហ្គេមថ្មី ដោយអ្នកលេងគេងកាន់តែច្រើន កាន់តែបានពិន្ទុ

BY
Pheakdey
March 1, 2023

ជប៉ុន៖ ក្រុមហ៊ុនផលិតហ្គេម Pokemon គ្រោងនឹងបញ្ចេញហ្គេមថ្មីមួយដែលស័ក្តិសម​បំផុតសម្រា​ប់ចូលចិត្តគេងក្នុងរយៈពេលយូរ ដោយហ្គេមនោះមានឈ្មោះថា Pokemon Sleep។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា តាមគម្រោង គឺក្រុមហ៊ុន Pokemon នឹងបញ្ចេញហ្គេមថ្មីនេះនៅក្នុងឆ្នាំ ២០២៣នេះហើយ ខណៈថ្ងៃ និងខែពិតប្រាកដនៅមិនទាន់កំណត់នៅឡើយទេ។

ប្រភពខាងលើបានបន្តថា Pokemon Sleep គឺជាប្រភេទហ្គេម ដែលអនុញ្ញាតឲ្យលោកអ្នកអាចយកម៉ោងសម្រាកធ្វើជាសកម្មភាពកំសាន្តបាន ពោលគឺលោកអ្នកអាចលេងសន្សំពិន្ទុទៅតាមចំនួនម៉ោងដែលលោកអ្នកបានគេង។ តាមគម្រោងគឺ Pokemon Sleep នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅស្ទើរតែទូទាំងប្រទេសនៅជុំវិញពិភពលោកក្នុងពេលដំណាលគ្នា ដោយគ្មានការដាក់ឲ្យសាកល្បងប្រើប្រាស់មុននៅក្នុងប្រទេសណាមួយនោះទេ។ សូមបញ្ជាក់ថា ការប្រកាសពីគម្រោងដាក់ឲ្យប្រើប្រាស់ហ្គេម Pokemon Sleep គឺត្រូវបានធ្វើឡើងក្រោយពេលក្រុមហ៊ុនធ្លាប់បានប្រកាសពីគម្រោងផលិតហ្គេមមួយនេះក្នុងរយៈពេល ៤ឆ្នាំកន្លងមកហើយ។  គួររម្លឹកជូនថា នាពេលកន្លងមកក្រុមហ៊ុន Pokemon ធ្លាប់បានបញ្ចេញហ្គេមដ៏ល្បីល្បាញមួយគឺ Pokemon Go ដែលមានពលរដ្ឋរាប់លាននាក់នៅជុំវិញពិភពបានទាញយកហ្គេមមួយនេះទៅលេងនៅក្នុងទូរស័ព្ទដៃរ​បស់ពួកគេ៕

អត្ថបទ៖ ភក្តី
ប្រភព៖The Strait Time

Share This Post: