អន្តរជាតិ

ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត ខណៈកំពុងហោះហើរនាំយកអ្នកជំងឺម្នាក់ទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ

BY
Pheakdey
March 2, 2023

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនកំពុងដាក់ពង្រាយក្រុមអ្នករុករកនិងក្រុមអ្នកជួយជនរងគ្រោះជាច្រើននាក់​ដើម្បីតាមស្វែងរកឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង ដែលបានបាត់ខ្លួនតាំងពីថ្ងៃពុធ ទី១ ខែមីនាម្សិលមិញម្ល៉េះ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានតម្រុយណាមួយអំពីឧទ្ធម្ភាគចក្រនោះទាល់តែសោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងឧទ្ធម្ភាគចក្រនោះមានផ្ទុកមនុស្សចំនួន ៥នាក់ ដោយក្នុងនោះមានទាំងអ្នកជំងឺម្នាក់ផងដែរ។

ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ គឺជាឧទ្ធម្ភាគចក្ររបស់អង្គភាព Philippine Adventist Medical Aviation Services​ ដែលជាស្ថាប័នមិនរកប្រាក់ចំណូលមួយ និងតែងតែជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តទុលដាក់បំផុតនាពេលកន្លងមក។ ការបាត់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ គឺបានកើតឡើងនៅក្នុងអំឡុងពេលដែលឧទ្ធម្ភាគចក្រព្យាយាមដឹកអ្នកជំងឺពីតំបន់ដាច់ស្រយាលទៅកាន់មន្ទីរពេទ្យទំនើបក្នុងទីក្រុង តែសំណាងអាក្រក់ឧទ្ធម្ភាគចក្របាត់ខ្លួនពេលត្រូវហោះកាត់ឆ្នេរសមុទ្រ Sulu ភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: