តួលេខអ្នកបាត់បង់ជីវិតដោយជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ីកើនឡើងដល់ ៣នាក់ ខណៈអ្នកត្រូវបង្ខំចិត្តជម្លៀសខ្លួនកើនឡើងដល់ជាង ៣៥,០០០នាក់
- BY
- Pheakdey
- March 4, 2023
ម៉ាឡេស៊ី៖ តួលេខអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីបានបន្តកើនឡើងរហូតដល់ ៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី៣ ខែមីនាម្សិលមិញនេះ។ ទន្ទឹមនឹងតួលេខអ្នកស្លាប់បានបន្តកើនឡើង ចំនួនជនរងគ្រោះដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក៏មានការកើនឡើងផងដែរ ពោលគឺកើនឡើងពីជាង ២ម៉ឺននាក់រហូតដល់ជាង ៣៥,០០០នាក់ហើយ។

ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា តួលេខជនរងគ្រោះទាំងករណីស្លាប់បាត់បង់ជីវិតនិងករណីធ្វើការជម្លៀសខ្លួនអាចបន្តកើនឡើង ដ្បិតស្ថានភាពទឹកជំនន់អាចនឹងបន្តផ្តល់ការគំរាមគំហែងកម្រិតខ្ពស់រហូតដល់ចុងសប្តាហ៍នេះ។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលដែលគកំពុងគំរាមគំហែងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីនៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងជោគជាំនិងជាច្រើនថ្ងៃបន្តបន្ទាន់គ្នា។ យោងទៅតាមការព្យាករណ៍អាកាសធាតុរបស់អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ចាប់ពីដើមសប្តាហ៍ក្រោយទៅគឺភ្លៀងនឹងលែងធ្លាក់ខ្លាំងទៀតហើយ ដូចនេះស្ថានភាពទឹកជំនន់ក៏អាចត្រលប់មករកភាពល្អប្រសើរវិញផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






