ជនរងគ្រោះដោយជំនន់ទឹកភ្លៀងនៅម៉ាឡេស៊ីបន្តកើនឡើងដល់ជាង ៥៣,០០០នាក់ ខណៈស្ថានភាពទឹកជំនន់នៅមិនទាន់ធូរស្រាល
- BY
- Pheakdey
- March 6, 2023
ម៉ាឡេស៊ី៖ របាយការណ៍ចុងក្រោយមួយស្តីផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃចន្ទ ទី៦ ខែមីនានេះបានឲ្យដឹងថា តួលេខនៃពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនោះបានកើនឡើងដល់ជាង ៥៣,០០០នាក់ហើយ ខណៈតួលេខអ្នកស្លាប់គឺវិញមានចំនួន ៤នាក់។

បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះស្ថានភាពទឹកជំនន់នៅមិនទាន់មានភាពធូរស្រាលដូចការរំពឹងទុកនាពេលកន្លងមកនោះទេ។ ស្ថានភាពនៅពេលនេះគឺទឹកទន្លេចំនួន ១៤កន្លែងនៅក្នុងស្រុកចំនួន ៧បានឡើងព្រៀប ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ ពោលគឺបើទឹកបានហៀរចេញពីទន្លេបន្ថែមទៀតនោះវានឹងជំរុញឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ជាងនេះបន្ថែមទៀត។ គួររម្លឹកជូនថា នាពេលកន្លងមកគេធ្លាប់បានព្យាករណ៍ថា ស្ថានភាពទឹកជំនន់នឹងធូរស្រាលបន្តិចនៅដើមសប្តាហ៍នេះ តែយ៉ាងណាក្តីស្ថានភាពទឹកជំនន់ហាក់មិនធូរស្រាលទាល់តែសោះបើគិតត្រឹមថ្ងៃចន្ទនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






