អន្តរជាតិ
យុវតីម្នាក់ដែលត្រូវអ្នកលេងអ៉ីនធើណេតចំអក ព្រោះតែរឿងហៅកាបូប Charles & Keith តម្លៃ៨០ដុល្លារជារបស់ប្រណីត ពេលនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈ
(ម៉ានីល)៖ យុវតីហ្វីលីពីន Zoe Gabriel ដែលរស់នៅប្រទេសសិង្ហបុរី ដែលមហាជនច្បាស់ជាជ្រាបថានាងត្រូវបានអ្នកលេងអ៉ីនធើណេតមួយចំនួនចំអករូបនាង ព្រោះតែនាងហៅកាបូប Charles & Keith តម្លៃ៨០ដុល្លារ ជារបស់ប្រណីត ពេលនេះក្លាយជា brand community ambassador របស់ប្រេនCharles & Keith នេះផ្ទាល់តែម្តង។

នៅលើ Instagram កាលពីថ្ងៃសៅរ៍ យុវតីអាយុ១៧ឆ្នាំរូបនេះ បានចែករំលែករូបថតរបស់នាងដែលស្ថិតនៅជាផ្នែកមួយនៃយុទ្ធនាការទិវានារីអន្តរជាតិរបស់ Charles & Keith។
នៅក្នុងខែមករា យុវតីហ្វីលីពីន Zoe Gabriel បានទទួលការលើកទឹកចិត្ត និងល្បីល្បាញជាខ្លាំង ក្រោយពីបានឆ្លើយតបចំពោះអ្នកបញ្ចេញមតិចំអកនាងនៅលើ TikTok សម្រាប់ការហៅម៉ាក Charles & Keith ថាជាម៉ាកប្រណីត។
ពីរបីថ្ងៃបន្ទាប់ពីរឿងរ៉ាវរបស់ Zoe បានផ្ទុះពេញបណ្តាញសង្គម នាងត្រូវបានគេអញ្ជើញឱ្យទៅទស្សនាទីស្នាក់ការកណ្តាល Charles & Keith ក្នុងប្រទេសសិង្ហបុរី ហើយ បានទទួលកាបូបចំនួនពីរ ដែលមានឌីសាញជាពិសេសសម្រាប់នាងផងដែរ៕
ប្រភព៖ philstar




អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia