អន្តរជាតិ

ជប៉ុនគ្រោងនឹងសាងសង់ផ្លូវអាកាសអចិន្ត្រៃយ៍សម្រាប់រថយន្តដែលអាចហោះបាន និងយន្តហោះគ្មានមនុស្សបើក

BY
Pheakdey
March 7, 2023

ជប៉ុន៖រដ្ឋាភិបាលជប៉ុនគ្រោងនឹងសាងសង់ផ្លូវអាកាសអចិន្ត្រៃយ៍មួយសម្រា​ប់ធ្វើការសាកល្បងរថយន្តដែលអាចហោះបាន​ និងយន្តហោះគ្មានមនុស្សបើក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ តាមគម្រោងគឺផ្លូវអាកាសដែលជាសមិទ្ធផលថ្មីនេះនឹងត្រូវសាងសង់ឡើងនៅក្នុងខេត្ត Fukushima នៅក្នុងរដូវក្តៅខាងមុខនេះ។

ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវអាកាសដែលរដ្ឋាភិបាលជប៉ុនគ្រោងសាងសង់នោះនឹងត្រូវបែងចែកជាបីខ្សែផ្សេងគ្នាដែលមានដូចជា ខ្សែសម្រាប់ហោះហើរឆ្លងសមុទ្រ ខ្សែសម្រាប់ហោះហើរនៅលើតំបន់ឆ្នេរ និងខ្សែសម្រាប់ហោះហើរឆ្លងកាត់ផ្លូវគោក។ ចំពោះលក្ខណៈបច្ចេកទេសនៃការសាងសង់វិញ គឺផ្លូវទាំងអស់នេះនឹងសាងសង់ឡើងមិនឲ្យខ្ពស់លើសពី ១៥០ម៉ែត្រនោះទេ។ បើតាមរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការសាងសង់ផ្លូវពិសេសនេះនឹងជួយជំរុញឲ្យមានក្រុមហ៊ុនជាច្រើនបន្ថែមការវិនិយោគលើវិស័យរថយន្តដែលអាចហោះបាននៅក្នុងប្រទេសជប៉ុន ហើយផ្លូវទាំងនេះនឹងក្លាយជាផ្លូវគមនាគមន៍ដ៏មានសក្តានុពលមួយសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: