បុរសជនជាតិថៃម្នាក់ត្រូវកាត់ទោសឲ្យជាប់គុក ២ឆ្នាំ ជុំវិញករណីលក់ប្រតិទិនមានរូបសត្វទាពណ៌លឿង
- BY
- Pheakdey
- March 9, 2023
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ២ ឆ្នាំ ក្រោយរូបគាត់បានធ្វើសកម្មភាពលក់ប្រតិទិនដែលមានរូបសញ្ញាសត្វទាពណ៌លឿងជាសាធារណៈ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនានេះ។ បុរសដែលជាជនជាប់ចោទក្នុងករណីខាងលើនេះមានឈ្មោះថា Narathorn Chotmankongsin មានអាយុ ២៦ឆ្នាំ ខណៈសកម្មភាពបទល្មើសរបស់គាត់គឺត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០២០កន្លងទៅម្លេះ។

គួរកត់សម្គាល់ថា រូបទាពណ៌លឿង និងទាជ័រពណ៌លឿងបានក្លាយជានិមិត្តរូបដ៏សំខាន់មួយរបស់ក្រុមបាតុករថៃ ដែលនាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងរបបរាជានិយមនៅក្នុងប្រទេសថៃ ពោលគឺវាជានិមិត្តសញ្ញាសម្រាប់ប្រើប្រាស់ក្នុងការរិះគន់និងប្រឆាំងជាមួយនឹងព្រះមហាក្សត្រថៃ។ សូមបញ្ជាក់ជូនផងដែរថា យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសថៃបានកំណត់ថា ព្រះមហាក្សត្រគឺជាបុគ្គលដ៏ឧដុង្គឧត្តមបំផុត ហើយគ្មានអ្នកណាម្នាក់អាចប្រមាថព្រះអង្គបានឡើយ។
ជាក់ស្តែងដូចក្នុងករណីខាងលើនេះគឺលោក Narathorn Chotmankongsin ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំពីបទបានធ្វើសកម្មភាពដែលមានលក្ខណៈប្រមាថយ៉ាងធ្ងន់ធ្ងរទៅកាន់ព្រះមហាក្សត្រថៃ ហើយរូបគាត់គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសជាង ២០០នាក់ផ្សេងទៀត ដែលត្រូវបានកាត់ទោសឲ្យជាប់គុកជុំវិញករណីស្រដៀងគ្នានេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
- Share This Post:






