អន្តរជាតិ

អាជ្ញាធរថៃបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នៅក្រុងបាងកកនឹងផ្តើមធូរស្រាលបន្តិចម្តងចាប់ពីចុងសប្តាហ៍នេះ

BY
Pheakdey
March 9, 2023

ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩​ ខែមីនានេះបានឲ្យដឹងថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងបន្តផ្តល់ការគំរាមកំហែងទៅក្នុងតំបន់សំខាន់ៗជាច្រើននៅក្នុងក្រុងបាងកករហូតដល់ថ្ងៃសុក្រស្អែកនេះ។ ដើម្បីឆ្លើយតបនឹងបញ្ហាធម្មជាតិនេះអាជ្ញាធរក្រុងបាងកកនៅតែបន្តណែនាំឲ្យពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ហើយបើក្នុងករណីមិនចាំបាច់នោះទេសូមកុំចេញក្រៅផ្ទះឲ្យសោះ។

យ៉ាងណាក្តី យោងតាមការព្យាករណ៍អាកាសធាតុរបស់អាជ្ញាធរថៃបានបង្ហាញថា ចាប់ពីថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍នេះក្រុងបាងកកនឹងត្រូវទទួលរងនូវសម្ពាធខ្យល់ក្នុងលឿន ២៥គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយកម្លាំងខ្យល់ដ៏ខ្លាំងនេះនឹងជួយបក់នាំយកខ្យល់កខ្វក់ទៅជាមួយផងដែរ។ ដូចនេះគឺវាមានន័យថា ស្ថានភាពអាក្រក់នៃបញ្ហាខ្យល់កខ្វក់នឹងផ្តើមមានភាពល្អប្រសើរបន្តិចម្តងៗ ចាប់ពីចុងសប្តាហ៏នេះទៅផងដែរ ខណៈអាជ្ញាធរថៃនៅមិនទាន់អាចបញ្ជាក់បានថា ពេលណាទើបបញ្ហាខ្យល់កខ្វក់នេះត្រូវរលាយបាត់ទាំងស្រុងនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: