លោក គីម ជុងអ៊ុន ប្រាប់ឲ្យយោធាកូរ៉េខាងជើងត្រូវពង្រឹងការធ្វើសមយុទ្ធសម្រាប់ “សង្គ្រាមពិត”
- BY
- Pheakdey
- March 10, 2023
កូរ៉េខាងជើង៖ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានប្រាប់ឲ្យកងយោធារបស់ខ្លួនត្រូវពង្រឹងការធ្វើសមយុទ្ធ ពោលគឺត្រូវបន្ថែមសមត្ថភាពនៃការធ្វើសមយុទ្ធឲ្យបានខ្លាំងសម្រាប់ការធ្វើ “សង្គ្រាមពិត” តែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី ១០ ខែមីនានេះ។ សេចក្តីណែនាំរបស់លោក គីម ជុងអ៊ុន នៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចុះផ្សាយកាលពីពេលថ្មីៗនេះថា យោធាកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ហើយក្នុងការការពារប្រទេសពីការឈ្លានពាន ខណៈសមត្ថភាពនៃការវាយប្រហារវិញគឺត្រូវការពង្រឹងបន្ថែម។

គួររម្លឹកជូនថា កាលថ្ងៃម្សិលមិញនេះកូរ៉េខាងជើងទើបធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីបង្ហាញពីភាពរីកចម្រើនក្នុងវិស័យយោធាក៏ដូចជាផ្ញើសារព្រមានដល់ប្រទេសមួយចំនួនដែលជាគូសត្រូវរបស់ខ្លួន។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលបានតាមដានការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់នោះបានបញ្ជាក់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងកាលថ្ងៃម្សិលមិញនេះគឺជាមីស៊ីលផ្លោងក្នុងរយៈចម្ងាយខ្លី ខណៈទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់រហូតដល់ទៅ ៦គ្រាប់ក្នុងពេលដំណាលគ្នា៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






