អន្តរជាតិ
រូបសំណាក់ព្រះពុទ្ធតូចមួយអង្គ នឹងត្រូវដាក់លក់នៅអូស្រ្តាលីក្នុងតម្លៃជាង ១០ម៉ឺនដុល្លារ
អូស្រ្តាលី៖ រូបសំណាក់ព្រះពុទ្ធដ៏តូចមួយអង្គ នឹងត្រូវដាក់លក់ក្នុងតម្លៃរាប់សែនដុល្លារដែលជាតម្លៃដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ។ រូបសំណាក់ព្រះពុទ្ធមួយអង្គនេះមានកម្ពស់ប្រមាណជា ១៥សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្រ្តាលី កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ ពោលគឺគេបានរកឃើញក្នុងរយៈពេលជិត ៥ឆ្នាំហើយ មុននឹងសម្រេចធ្វើការដាក់លក់នេះ។

បើតាមលោក Leon Deschamps និងលោក Shayne Thompson ដែលជាអ្នកបានរកឃើញរូបសំណាក់នេះបានអះអាងថា រូបសំណាក់ព្រះពុទ្ធកាលពីនៅជាកុមារមួយនេះមានប្រភពមកពីប្រទេសចិន ហើយគេជឿថារូបសំណាក់មួយនេះត្រូវបានបង្កើតឡើងកាលពីជំនាន់រាជវង្សមីង ខណៈគេនៅទាន់រកឃើញទេថា តើរូបសំណាក់មួយនេះអាចទៅដល់ប្រទេសអូស្រ្តាលីដោយរបៀបណា។ យ៉ាងណាក្តីគេអាចប៉ាន់ស្មានថា ទំនងជាមានអ្នករុករកជនជាតិចិនណាម្នាក់បានយករូបសំណាក់នេះទៅកាន់ប្រទេសអូស្រ្តាលីហើយក៏បានបន្សល់ទុករូបសំណាក់នេះនៅលើទឹកដីអូស្រ្តាលីតែម្តង។ សូមបញ្ជាក់ថា ការដាក់លក់រូបសំណាក់ព្រះពុទ្ធខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអូស្រ្តាលីតាមរយៈការដេញថ្លៃ ដោយតម្លៃចាប់ផ្តើមដំបូងនោះគឺ ១០ម៉ឺនដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia