អន្តរជាតិ

មានតែអ្នកស្មោះស្នេហ៍ទេទើបយល់អារម្មណ៍មួយនេះ! បុរសម្នាក់សុខចិត្តស្លៀកឈុតនិនចាអណ្ដើកទៅចូលរួមមង្គលការអតីតមិត្តស្រីដើម្បីគោរពតាមការសន្យាពេលនៅស្រលាញ់គ្នា តែមិនចង់​បង្កឲ្យមានបញ្ហាកើតឡើងក្នុងកម្មវិធី

BY
Pheakdey
March 11, 2023

ម៉ាឡេស៊ី៖ ការទៅចូលរួមក្នុងពិធីមង្គលការអតីតមិត្តស្រី គឺជារឿងដែលពិបាកសម្រេចចិត្តបំផុតមួយសម្រាប់បុរសជាច្រើន ព្រោះពួកគាត់គិតថា វត្តមានរបស់គាត់អាចបង្កឲ្យមានបញ្ហាចម្រូងសម្រាសនៅក្នុងកម្មវិធីការទាំងមូល ខណៈរូបគាត់ពិតជាចង់ទៅអបអរនិងជូនពរមនុស្សស្រីដែលគាត់ធ្លាប់ស្រលាញ់ខ្លាំងណាស់ ដើម្បីតបតាមការអញ្ជើញពីសំណាក់កូនក្រមុំផ្ទាល់ ឬដើម្បីតបតាមការសន្យាណាមួយដែលធ្លាប់បានធ្វើឡើងកាលពីពេលនៅស្រលាញ់គ្នា។ ព្រោះហេតុផលដូចបានជម្រាបជូនខាងលើនេះហើយ ទើបគេបានប្រទះឃើញមានបុរសម្នាក់សុខចិត្តស្លៀកពាក់ឈុតជានិនចាអណ្តើក ដើម្បីទៅចូលរួមក្នុងពិធី​មង្គលការអតីតមិត្តស្រីរ​បស់គាត់។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈបុរសពិតនៅពីក្នុងឈុតនិនចាអណ្តើកនោះត្រូវបានគេដឹងថា មានឈ្មោះ Amat Darobi អាយុ ២៨ឆ្នាំ ធ្លាប់ជាគូស្នេហ៍របស់កូនក្រមុំចាប់តាំងពីឆ្នាំ ២០១៥មក និងទើបតែសម្រេចចិត្តចែកផ្លូវគ្នាកាលពីឆ្នាំមុននេះ។ ប្រភពខាងលើបានបន្តថា​ អតីតគូស្នេហ៍មួយគូនេះបានបែកគ្នាទាំងបង្ខំចិត្ត ហើយបន្ទាប់ពីចែកផ្លូវគ្នារួចគឺពួកគាត់នៅបន្តរា​ប់អានគ្នាជាធម្មតា។

ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក Amat Darobi បានទៅចូលរួមពិធីមង្គលការនោះគឺដើម្បីតបតាមការអញ្ជើញពីសំណាក់ស្រ្តីជាកូនក្រមុំ ខណៈរូបគាត់ខ្លួនឯងផ្ទាល់ក៏ចង់ទៅជូនពរអតីតមិត្តស្រីនៅក្នុងថ្ងៃពិសេសរបស់នាងដោយផ្ទាល់ផងដែរ​ ព្រោះវាជាអ្វីដែលគាត់ធ្លាប់បានសន្យាកាលពីអំឡុងពេលនៅមានទំនាក់ទំនងស្នេហាជាមួយគ្នា។ វត្តមានរបស់លោក Amat Darobi ក្នុងឈុតនិនចាអណ្តើកបានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវកិត្តិយសហើយមានមនុស្សជាច្រើនសុំថតរូបជាមួយគាត់ ខណៈគេជឿថាកូនក្រមុំក៏បានដឹងអំពីរឿងនេះដែរតែនាងព្យាយាមធ្វើធម្មតាដើម្បីឲ្យកម្មវិធីបន្តប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕

@encik_dobi Tanda HADIR ✅ undangan walimatulurus EX🙂🙂 #fypシ #fyppppppppppppppppppppppp #majliskahwin #tiadajodoh #perancanganallahlebihbaik #srikandisurprise ♬ Dj Tiktok Viral Terbaru 2022 – Yandi Biansyah

អត្ថបទ៖ ភក្តី

ប្រភព៖  World of Buzz

Share This Post: