អន្តរជាតិ
ខេត្តឈៀងម៉ៃរបស់ថៃជាប់ជាតំបន់ដែលមានខ្យល់កខ្វក់ជាងគេបំផុតនៅលើពិភពលោក
ថៃ៖ ខេត្តឈៀងម៉ៃ ដែលជាដែនដីទេសចរណ៍ដ៏មានសក្តានុពលមួយស្ថិតនៅភាគខាងជើងនៃប្រទេសថៃបានជាប់ជាខេត្តដែលមានខ្យល់កខ្វក់ជាងគេបំផុតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនានេះ។ ចំណាត់ថ្នាក់ខាងលើនេះត្រូវបានកំណត់ដោយក្រុមហ៊ុន IQAir ដែលជាក្រុមហ៊ុនជំនាញផ្នែកបរិយាកាស មានមូលដ្ឋាននៅក្នុងប្រទេសស្វីស ខណៈក្រុមហ៊ុនមួយនេះបានកំំពុងតែធ្វើការតាមដាននិងត្រួតពិនិត្យគុណភាពខ្យល់នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។

ប្រភពខាងលើបានបន្តថា ការសម្រេចកំណត់ខេត្តឈៀងម៉ៃជាខេត្តដែលមានខ្យល់កខ្វក់ជាងគេបំផុតនេះគឺត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុន IQAir បានពិនិត្យរកឃើញថា ខ្យល់កខ្វក់នៅក្នុងតំបន់ជាច្រើននៃខេត្តឈៀងម៉ៃបានកើនឡើងលើសពីកម្រិតស្តង់ដារសុវត្ថិភាព PM2.5 ក្នុងកម្រិត ៣ផ្សេងគ្នា។ នៅពេលព្រឹកបញ្ហាខ្យល់កខ្វក់នៅក្នុងខេត្តឈៀងម៉ៃបានកើនឡើងដល់កម្រិត ២១២ មីក្រូក្រាម/មួយម៉ែត្រគូប នៅពេលរសៀលកម្រិតខ្យល់កខ្វក់បានធ្លាក់មកត្រឹម ១៨០ មីក្រូក្រាម/មួយម៉ែត្រគូប ហើយនៅពេលល្ងាចកម្រិតគុណភាពខ្យល់បានធ្លាក់មកដល់ ១៦១,៣ មីក្រូក្រាម/មួយម៉ែត្រគូប។ គួរបញ្ជាក់ជូនថា កម្រិតគុណភាពខ្យល់ PM2.5 នោះគឺជាកម្រិតខ្យល់ដែលមានលម្អងធូលីមិនលើសពី ៥០ មីក្រូក្រាមនៅក្នុងបរិយាកាសមួយម៉ែត្រគូប៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia