អន្តរជាតិ
ពលរដ្ឋថៃជាង ១,៤លាននាក់បានរងផលប៉ះពាល់ពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនានេះបានឲ្យដឹងថា មានពលរដ្ឋថៃចំនួន ១,៤៤៩,៧១៦នាក់ បានរងផលប៉ះពាល់ពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 ដោយនៅក្នុងនោះមានពលរដ្ឋជាង ៣ម៉ឺននាក់គឺជាអ្នករស់នៅក្នុងទីក្រុងបាងកក។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺពួកគេបានកើតមានអាការៈផ្សេងៗគ្នាដូចខាងក្រោមនេះ៖

១. ពលរដ្ឋ ២,២៥២នាក់បានកើតមានបញ្ហាសួតរ៉ាំរ៉ៃ ដែលបណ្តាលឲ្យស្ទះលំហូរខ្យល់ និងមានបញ្ហាទាក់ទងនឹងប្រព័ន្ធដង្ហើម
២. ពលរដ្ឋ ១២៩នាក់មានជំងឺហឺត
៣. ពលរដ្ឋ ១,៧៧៩នាក់មានជំងឺរលាកសួត
៤. ពលរដ្ឋ ១៤៤នាក់បានកើតជំងឺផ្តាសាយ
៥. ពលរដ្ឋ ១,៨៣០នាក់មានបញ្ហារលាកបំពង់ក ឬឈឺបំពង់ក
៥. ពលរដ្ឋ ៦៧២នាក់មានជំងឺរលាកច្រមុះរ៉ាំរ៉ៃ ឬរលាកស្រទាប់ខាងក្នុងនៃច្រមុះ
៦. ពលរដ្ឋ ១,១០៧នាក់មានជំងឺរលាកទងសួត ឬរលាកផ្លូវដង្ហើម
៧. ពលរដ្ឋ ៨៩នាក់មានជំងឺបេះដូង
៨. ពលរដ្ឋ ៨,៣០៩នាក់បានទទួលរងសម្ពាធពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
៩. ពលរដ្ឋ ៤,៨០០នាក់មានបញ្ហារលាកភ្នែក
១០. ពលរដ្ឋ ៨,៦៩២នាក់មានបញ្ហារលាកស្បែក
១១. ពលរដ្ឋ ១,៨៧៧នាក់មានជំងឺមហារីកសួត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia