អន្តរជាតិ

លោកមហាសេដ្ឋីជប៉ុនដែលជាអ្នកធ្វើឲ្យហាង 7-Eleven ល្បីឈ្មោះនៅលើពិភពលោកបានទទួលមរណភាពហើយក្នុងជន្មាយុ ៩៨ឆ្នាំ

BY
Pheakdey
March 14, 2023

ជប៉ុន៖ លោកមហាសេដ្ឋីជប៉ុន Masatoshi Ito ដែលត្រូវបានគេស្គាល់ថាគឺជាបុគ្គលម្នាក់បានធ្វើឲ្យក្រុមហ៊ុន 7-Eleven ក្លាយជាក្រុមហ៊ុនយក្សនៅលើពិភពលោកនោះបានស្លាប់បាត់បង់ជីវិតហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ប្រភពដដែលនេះបានបញ្ជាក់ថា លោកមហាសេដ្ឋី Masatoshi Ito បានស្លាប់នៅក្នុងអាយុ ៩៨ឆ្នាំ ដោយជរាពាធ។ គួរកត់សម្គាល់ថា បច្ចុប្បន្ននេះហាងលក់ទំនិញខ្នាតតូច 7-Eleven មានសាខាជាង ៨៣,០០០កន្លែងនៅជុំវិញពិភពលោក ខណៈហាងលក់ទំនិញមួយនេះមានស្នាក់ការកណ្តាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ប្រភពខាងលើបានបន្តថា មុនក្លាយជាហាងលក់ទំនិញដ៏ល្បីឈ្មោះដូចសព្វថ្ងៃនេះ 7-Eleven បានចំណាយពេលអស់រយៈពេលជាច្រើនឆ្នាំក្រោមការដឹកនាំនិងគ្រប់គ្រងដោយផ្ទាល់ពីសំណាក់លោកមហាសេដ្ឋី Masatoshi Ito ។ គួររម្លឹកជូនថា នៅក្នុងឆ្នាំ ១៩៦៥ លោក Masatoshi Ito បានចាប់ផ្តើមបើកហាងលក់ទំនិញតូចមួយនៅក្នុងប្រទេសជប៉ុន ហើយនៅក្នុងឆ្នាំ ១៩៧២ លោកបានប្រទះឃើញហាងលក់ទំនិញ 7-Eleven ជាលើកដំបូងនៅពេលដែលរូបលោកបានធ្វើដំណើរទៅដល់ទឹកដីអាមេរិក។ ពេលនោះលោកបានសម្រេចទិញកម្មសិទ្ធបញ្ញារបស់ហាងលក់ទំនិញ 7-Eleven ពីក្រុមហ៊ុនដែលមានមូលដ្ឋាននៅអាមេរិក Southland Corporation ដើម្បីយកមកបើកដំណើរការនៅក្នុងប្រទេសជប៉ុននៅក្នុងឆ្នាំ ១៩៧៤។ ក្រោយមកទៀត លោក Masatoshi Ito បានបន្តទិញភាគហ៊ុនរបស់ក្រុមហ៊ុន 7-Eleven ទាំងមូលនៅក្នុងឆ្នាំ ១៩៩០ និងបានជួយជ្រោមជ្រែងហាងលក់ទំនិញមួយនេះឲ្យល្បីឈ្មោះបន្តិចម្តងៗរហូតមានការទទួលស្គាល់នៅជុំវិញពិភពលោកដូចសព្វថ្ងៃនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ CNN

Share This Post: