អន្តរជាតិ
អាមេរិកសម្រេចលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់ ព្រោះបញ្ហាព្យុះទឹកកក
អាមេរិក៖ អាជ្ញាធរអាកាសចរណ៍អាមេរិកបានសម្រេចធ្វើការលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនាម្សិលមិញ ព្រោះតែបញ្ហាអាកាសធាតុមិនអំណោយផល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ បញ្ហាអាកាសធាតុដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនោះគឺការធ្លាក់ព្រឹលយ៉ាងខ្លាំង ឬអាចហៅថា ព្យុះទឹកកក។

ប្រភពខាងលើបានបញ្ជាក់ថា បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានកំពុងតែកើតមាននៅតំបន់ភាគជើងសហរដ្ឋអាមេរិក ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា បញ្ហានេះនឹងបន្តអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានលុបចោលជើងហោះហើរជាបន្ទាន់នោះមានដូចជាក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្រុមហ៊ុន American, ក្រុមហ៊ុន United, ក្រុមហ៊ុន Southwest, ក្រុមហ៊ុន JetBlue និង ក្រុមហ៊ុន Spirit ខណៈជើងហោះសរុបដែលត្រូវបានគេលុបចោលនោះមានចំនួន ១,១៥០ ជើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia