អន្តរជាតិ
ការសិក្សាមួយបានបង្ហាញថា មានប្រទេសចំនួន ៦ប៉ុណ្ណោះដែលមានខ្យល់បរិសុទ្ធស្របតាមស្តង់ដារសុវត្ថិភាព
ការសិក្សាមួយបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះមានប្រទេសត្រឹមតែ ៦ប៉ុណ្ណោះដែលមានខ្យល់បរិសុទ្ធស្របតាមស្តង់ដារសុវត្ថិភាព ឬគុណភាពខ្យល់ស្ថិតនៅក្រោមកម្រិត PM2,5។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន IQAir ដែលបានធ្វើការត្រួតពិនិត្យនិងតាមដានគុណភាពខ្យល់នៅក្នុងប្រទេសចំនួន ១៣១ នៅជុំវិញពិភពលោកយ៉ាងយកចិត្តទុកដាក់បំផុត។

នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន IQAir បានបង្ហាញថា ប្រទេសទាំង ៦ ដែលមានគុណភាពខ្យល់ល្អប្រសើរស្របតាមស្តង់ដារសុវត្ថិភាពនោះមានដូចជា ប្រទេសអូស្ត្រាលី ប្រទេសអេស្តូនី ប្រទេសហ្វាំងឡង់ ប្រទេសហ្គ្រេណាដា ប្រទេសអ៉ីស្លង់ និងប្រទេសនូវែលសេឡង់។ ក្រៅពីប្រទេសទាំង ៦ នេះគឺនៅមានដែនដីស្វយ័តចំនួន ៧កន្លែងផ្សេងទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងការាបៀន ដែលត្រូវបានគេរកឃើញថា មានគុណភាពខ្យល់ល្អប្រសើរផងដែរ ដោយតំបន់ទាំងនោះមានដូចជាកោះហ្គាំនិងតំបន់ព័រតូរីកូជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia