អន្តរជាតិ
ពលរដ្ឋអង់គ្លេសកន្លះលាននាក់នាំគ្នាធ្វើកូដកម្មជុំវិញបញ្ហាប្រាក់បៀវត្ស
អង់គ្លេស៖ ពលរដ្ឋអង់គ្លេសប្រមាណជាកន្លះលាននាក់បាននាំគ្នាចុះថ្នល់ធ្វើកូដកម្មនៅថ្ងៃពុធ ទី១៥ ខែមីនានេះ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រុមកូដករបានធ្វើការប្រមូលផ្តុំគ្នានៅលើផ្លូវ Downing Street ដែលមានទីតាំងស្ថិតនៅក្បែរវិមានរដ្ឋសភាអង់គ្លេស ខណៈកូដកម្មនេះត្រូវបានធ្វើឡើងនៅចំថ្ងៃដែលរដ្ឋសភាអង់គ្លេសត្រូវបើកការប្រជុំដើម្បីអនុម័តលើកញ្ចប់ថវិកាប្រចាំឆ្នាំ។

ប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋដែលបានចូលរួមធ្វើកូដកម្មនោះគឺភាគច្រើនជាគ្រូបង្រៀន មន្ត្រីរាជការ និងគ្រូពេទ្យ។ ចំពោះគោលបំណងនៃការធ្វើកូដកម្មវិញគឺក្រុមកូដករចង់ទាមទារឲ្យមានការធ្វើកំណែទម្រង់លើប្រាក់សោធននិវត្តន៍ ផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួន និងទាមទារឲ្យមានការដំឡើងប្រាក់ខែរបស់ពួកគេឲ្យបានសមស្របទៅតាមកម្រិតអតិផរណានាពេលបច្ចុប្បន្ននេះផងដែរ។ ជុំវិញបញ្ហាដ៏រសើបនេះលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកំពុងស្វែងរកដំណោះស្រាយសមស្របមួយជូនក្រុមកូដករហើយ ខណៈដំណោះស្រាយនោះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Tim
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia