អាមេរិកគំរាមបិទ TikTok បើមិនព្រមលក់ភាគហ៊ុនខ្លះឲ្យទៅខ្លួនជាអ្នកគ្រប់គ្រង
- BY
- Pheakdey
- March 16, 2023
ក្រុមហ៊ុនបណ្តាញសង្គម TikTok បានឲ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែមីនាម្សិលមិញថា សហរដ្ឋអាមេរិកបានគំរាមហាមឃាត់ក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើ TikTok មិនព្រមលក់ភាគហ៊ុនមួយចំនួនឲ្យទៅអាមេរិកនោះទេ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Brooke Oberwetter ជាអ្នកនាំពាក្យឲ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកម្មវិធីបណ្តាញសង្គម TikTok។ បើតាមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការគំរាមនេះគឺត្រូវធ្វើឡើងដោយគណៈកម្មាធិការសម្រាប់ការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលបានទាមទារឲ្យម្ចាស់ក្រុមហ៊ុន TikTok ត្រូវលក់ភាគហ៊ុនខ្លះឲ្យទៅអាមេរិក បើមិនដូចនោះទេអាមេរិកអាចនឹងសម្រេចធ្វើការហាមឃាត់កម្មវិធីមួយនេះនៅលើទឹកដីអាមេរិកតែម្តង។
គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងអាមេរិកនិងក្រុមហ៊ុន TikTok បានផ្តើមកើតឡើងជាច្រើនឆ្នាំមកហើយ ដោយអាមេរិកតែងចោទប្រកាន់ថា TikTok ជាបណ្តាញសង្គមចារកម្មដែលបានលួចយកទិន្នន័យរបស់ពលរដ្ឋអាមេរិកសម្រាប់ផ្តល់ជូនទៅឲ្យរដ្ឋាភិបាលចិន ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋអាមេរិកប្រមាណជា ១០០លាននាក់កំពុងប្រើប្រាស់ TikTok ។ គេនៅចាំបានថា កាលពីជំនាន់លោក Donald Trump នៅកាន់តំណែងជាប្រធានាធិបតីក៏អាមេរិកធ្លាប់ព្យាយាមហាមឃាត់បណ្តាញសង្គម TikTok ម្តងដែរ តែពេលនោះតុលាការបានច្រានចោលសំណើរសុំធ្វើការហាមឃាត់នោះ។ សូមបញ្ជាក់ជូនផងដែរថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន TikTok ត្រូវបានគ្រប់គ្រងដោយម្ចាស់ភាគហ៊ុនជាច្រើនដោយក្នុងនោះម្ចាស់កម្មវិធីផ្ទាល់មានភាគហ៊ុនចំនួន ២០% ក្រុមបុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនមានចំណែកភាគហ៊ុន ២០% ខណៈភាគហ៊ុន ៦០%ផ្សេងទៀតគឺជាភាគហ៊ុនរបស់អ្នកវិនិយោគនៅជុំវិញពិភពលោក៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post: