អន្តរជាតិ
ប៉ូលិសថៃគ្រោងអនុវត្តផែនការយាមទុរេនជាលើកដំបូងក្នុងប្រវត្តិសាស្រ្តប្រទេស ក្រោយមានករណីចោរលួចបេះទុរេនមានតម្លៃសរុបជិត ៣ម៉ឺនដុល្លារពីចំការមួយកន្លែង
ថៃ៖ ប៉ូលិសថៃគ្រោងនឹងអនុវត្តផែនការយាមផ្លែទុរេនជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថាផែនការយាមកាមសុវត្ថិភាពផ្លែទុរេននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ប្រជាកសិករ ដែលបានមកប្តឹងប៉ូលិសជាបន្តបន្ទាប់គ្នាជុំវិញករណីមានចោរលួចបេះផ្លែទុរេនយ៉ាងច្រើនពីចំការរបស់ពួកគាត់។

បើតាមលោក Ariyachai Thima ដែលជាប្រធានអធិការកិច្ចប្រចាំសង្កាត់ Muang នៃក្រុង Kanchanaburi ភាគខាងលិចប្រទេសប្រទេសថៃបានបញ្ជាក់ថា នៅក្នុងតំបន់គ្រប់គ្រងរបស់គាត់មានករណីចោរលួចបេះផ្លែទុរេនទ្រង់ទ្រាយធំជាច្រើនករណីនៅក្នុងរដូវប្រមូលផលដំណាំទុរេននេះ ហើយនៅក្នុងនោះមានករណីគួរឲ្យកត់សម្គាល់មួយផងដែរគឺករណីដែលចោរបានលួចបេះទុរេនមានតម្លៃសរុបរហូតដល់ ១លានបាត (២៨,៩៨៨ ដុល្លារអាមេរិក) ពីក្នុងចំការរបស់កសិករម្នាក់។ អាជ្ញាធរថៃរំពឹងថា គម្រោងខាងលើនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ករណីលួចបេះទុរេន ខណៈទុរេនទាំងនោះគឺជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ប្រជាកសិករ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia