អន្តរជាតិ
ថ្នាំសម្រាប់ព្យាបាលនិងការពារជំងឺគ្រុនឈាមត្រូវបានគេធ្វើតេស្តសាកល្បងក្នុងខ្លួនសត្វស្វាប្រកបដោយជោគជ័យ
ជប៉ុន៖ ថ្នាំសម្រាប់ព្យាបាលនិងការពារជំងឺគ្រុនឈាមត្រូវបានគេធ្វើតេស្តសាកល្បងនៅក្នុងខ្លួនសត្វសា្វប្រកបដោយជោគជ័យហើយ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។ គួរកត់សម្គាល់ថា គ្រុនឈាមគឺជាជំងឺគ្រោះថ្នាក់មួយចម្លងតាមរយៈសត្វមូសខ្លា ខណៈជំងឺដ៏កាចសាហាវមួយនេះបានចម្លងទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។

គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តបានអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមចំនួន ២ប្រភេទរួចមកហើយ តែវ៉ាក់សាំងទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់ជាសាធារណៈនោះទេ ដ្បិតគេនៅមិនទាន់មានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំងទាំងនោះនៅឡើយទេ។ យ៉ាងណាក្តី បើតាមលោក Marnix Van Loock ដែលជាប្រធានដឹកនាំក្រុមស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថា គម្រោងអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមថ្មីនេះទទួលបានជោគជ័យក្នុងដំណាក់កាលសាកល្បងចំពោះសត្វរួចហើយ ខណៈគេរំពឹងថា វ៉ាក់សាំងផ្លូវការដែលអាចចាក់លើខ្លួនមនុស្សបាននឹងត្រូវអភិវឌ្ឍដោយជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia