អន្តរជាតិ
នូវែលសេឡង់សម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់ TikTok នៅគ្រប់ឧបរកណ៍អេឡិចត្រូនិចក្នុងរដ្ឋសភា
នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់នឹងធ្វើការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok នៅគ្រប់ឧបរកណ៍អេឡិចត្រូនិចទាំងឡាយណាដែលត្រូវប្រើប្រាស់ជាមួយបណ្តាញអ៉ីនធឺណិតនៅក្នុងរដ្ឋសភារបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា គម្រោងធ្វើការហាមឃាត់ខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីចុងខែមីនានេះតទៅហើយ។

ប្រភពខាងលើបានបន្តថា ការសម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គម TikTok នៅក្នុងចំណោមឧបករណ៍អេឡិចត្រូនិចនៅក្នុងរដ្ឋសភានេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ជូនថា បណ្តាញសង្គម TikTok គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយជារឿយៗបណ្តាញសង្គមមួយនេះត្រូវបានប្រទេសជាច្រើន ពិសេសគឺអាមេរិកតែម្តង តែងចោទប្រកាន់ថា ជាបណ្តាញសង្គមចារកម្មដែលជួយលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ដើម្បីផ្តល់ជូនឲ្យទៅរដ្ឋាភិបាលចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia