អន្តរជាតិ
អូស្រ្តាលីចាយលុយជិត ៩០០លានដុល្លារដើម្បីទិញមីស៊ីលជាង ២០០គ្រាប់ពីអាមេរិកយកមកពង្រឹងសន្តិសុខជាតិ
អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីសម្រេចបញ្ជាទិញមីស៊ីសម្រាប់បាញ់កម្ទេចនាវាចំនួន ២២០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈការបញ្ជាទិញនេះត្រូវបានគេមើលឃើញថា គឺជាការបញ្ជាទិញមីស៊ីលក្នុងចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់មួយផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងគម្រោងទិញមីស៊ីលខាងលើនេះគឺរដ្ឋាភិបាលអង់គ្លេសនឹងត្រូវចំណាយថវិកាចំនួន ៨៩៥លានដុល្លារ ខណៈនៅក្នុងកញ្ចប់ចំណាយនេះក៏មានបញ្ចូលទាំងការផ្តល់ជំនួយផ្នែកបច្ចេកទេសជាច្រើនដំណាក់កាលផងដែរ។

បើតាមលោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា នៅក្នុងចំណោមមីស៊ីលទាំង ២២០គ្រាប់នោះគឺសុទ្ធតែជាមីស៊ីលទំនើបជំនាន់ចុងក្រោយគេបង្អស់ ខណៈនៅក្នុងនោះក៏មានបញ្ចូលទាំងមីស៊ីលប្រភេទ Tomahawk ដែលជាមីស៊ីលមានសមត្ថភាពអាចបាញ់បាននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា ចំពោះការសម្រេចបញ្ជាទិញមីស៊ីលក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីពង្រឹងសន្តិសុខជាតិឲ្យស្របតាមស្ថានភាពជាក់ស្តែងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia