អន្តរជាតិ
លោក ពូទីន បញ្ជាក់ថា រុស្ស៊ីបានត្រៀមបើកការពិភាក្សាយ៉ាងទូលំទូលាយជាមួយចិនជុំវិញសំណើសុំបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
រុស្ស៊ី៖ លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពិភាក្សាយ៉ាងទូលំទូលាយជាមួយសមភាគីចិនជុំវិញសំណើសុំបិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះ។ គួរកត់សម្គាល់ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញទៅដល់ប្រទេសរុស្ស៊ីតាំងពីថ្ងៃចន្ទម្សិលមិញម្ល៉េះ ខណៈដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិននៅពេលនេះនឹងត្រូវមានរយៈពេលចំនួន ៣ថ្ងៃ។

តាមគម្រោងគឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងត្រូវជួបផ្ទាល់មួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះនៅឯវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ។ គួរកត់សម្គាល់ថា នេះគឺជាលើកទី១ ហើយដែលលោក ស៊ី ជីនពីង បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី បើរាប់ចាប់តាំងពីប្រទេសរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនមក ហើយដំណើរទស្សនកិច្ចនេះត្រូវបានគេមើលឃើញថា គឺជាចេតនាដែលចិនចង់បង្ហាញការគាំទ្រដល់ប្រទេសរុស្ស៊ី ខណៈប្រទេសជាច្រើននៅជុំវិញពិភពកំពុងធ្វើការថ្កោលទោសរុស្ស៊ី។ ជុំវិញដំណើរទស្សនកិច្ចដ៏កម្រនេះ សហរដ្ឋអាមេរិកបានព្រមានថា សុំកុំចាញ់បោកចិនឲ្យសោះ ដ្បិតនៅពីក្រោយការធ្វើទស្សនកិច្ចនេះគឺចិនបាននាំអាវុធជាច្រើនទៅកាន់ប្រទេសរុស្សី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia