អន្តរជាតិ
ទើបបញ្ឈប់បុគ្គលិកជិត ២ម៉ឺននាក់មិនទាន់បានប៉ុន្មានផង ពេលនេះ Amazon ប្រកាសកាត់បន្ថយបុគ្គលិក ៩ពាន់នាក់បន្ថែមទៀត
អាមេរិក៖ ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធ Online ដ៏ធំនៅលើពិភពលោកគឺក្រុមហ៊ុន Amazon បានសម្រេចកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះ។ គួររម្លឹកជូនថា ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននៅពេលនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះធ្លាប់បានកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ក្រុមហ៊ុនម្តងរួចហើយកាលពីពេលថ្មីៗនេះ ពោលគឺកាត់បន្ថយបុគ្គលិករហូតដល់ ១៨,០០០នាក់ក្នុងពេលដំណាលគ្នា។

បើតាមលោក Andy Jassy ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ថា ការជម្រុះចោលបុគ្គលិកទាំង ៩,០០០នាក់នេះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ២-៣ សប្តាហ៍ទៀត ខណៈផ្នែកដែលនឹងត្រូវគេកាត់បន្ថយបុគ្គលិកនោះមានដូចជា ផ្នែកសេវាកម្មគេហទំព័រ (Amazon Web Services) ផ្នែកគ្រប់គ្រងធនធានមនុស្ស ផ្នែកពាណិជ្ជកម្ម និងផ្នែកផ្តល់សេវាកម្ម Live Streaming ជាដើម។ លោកនាយកប្រតិបត្តិរូបនេះបានបញ្ជាក់ថា ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានធ្វើឡើងឲ្យក្រោមហេតុផលថា ដើម្បីជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចសកលនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia