អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវតុលាការបង្គាប់ឲ្យសងប្រាក់ជាង​ ៧ពាន់ដុល្លារទៅកាន់អ្នកដំណើរម្នាក់ ក្រោយក្រុមហ៊ុនមិនបានផ្តល់សេវាកម្មធ្វើដំណើរដូចតាមការផ្សាយពាណិជ្ជកម្ម

BY
Pheakdey
March 21, 2023

នូវែលហ្សេឡង់​៖ តុលាការនៃប្រទេសនូវែលហ្សេឡង់បានបង្គាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបង់ប្រាក់ចំនួន ១១,៣០០ ដុល្លារនូវែលហ្សេឡង់ (ជាង ៧ពាន់ដុល្លារអាមេរិក) ទៅកាន់អ្នកដំណើរម្នាក់ ក្រោយក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនៅលើពិភពលោកមួយនេះខកខានមិនបានផ្តល់សេវាកម្មក្នុងការធ្វើដំណើរឲ្យគ្រប់តាមលក្ខខណ្ឌដូចការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះបានបញ្ជាក់ថា អ្នកដំណើរដែលជាដើមបណ្តឹងក្នុងករណីដ៏កម្រនេះគឺលោក Mark Morgan និងភរិយារបស់គាត់ដែលបានទិញសំបុត្រយន្តហោះប្រភេទ Business Class ពីក្រុមហ៊ុន Emirates​ ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសអង់គ្លេសនាពេលកន្លងមក។

(រូបតំណាង)

ប្រភពខាងលើបានបន្តថា នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួនគឺក្រុមហ៊ុន Emirates បានបង្ហាញថា សម្រាប់កៅអី Business Class នឹងមានបញ្ចូលសេវាកម្មពិសេសមួយចំនួនដូចជា មានកៅអីអង្គុយដែលអាចបត់ជាគ្រែគេងបាន មានបារខ្នាតតូច​ និងមានទាំងការផ្តល់នូវសេវាកម្មកំសាន្តជាច្រើនបន្ថែមទៀតផងដែរ។ យ៉ាងណាក្តី នៅក្នុងពេលដែលលោក Mark Morgan និងភរិយាបានធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសតាមរយៈយន្តហោះ Boeing 777-300ER នោះ គឺគាត់និងភរិយាបានត្រឹមអង្គុយនៅលើកៅអីស៊េរីចាស់ធម្មតា គ្មានអ៊ីនធឺណិត គ្មានបារខ្នាតតូច ខណៈសេវាកំសាន្តវិញគឺមិនដំណើរការនោះទេ។ ជុំវិញករណីចម្រូងចម្រាសនេះ ក្រុមហ៊ុន Emirates ធ្លាប់បានប្រគល់លុយជិត ៥០០ ដុល្លារអាមេរិកទៅកាន់លោក Mark Morgan ម្តងរួចហើយដើម្បីជាការសងជំងឺចិត្ត តែចំនួនទឹកប្រាក់នេះគឺវាតិចតួចណាស់បើធៀបទៅនឹងតម្លៃសំបុត្រ ដូចនេះហើយទើបលោក Mark Morgan សម្រេចប្តឹងបន្តទៅកាន់តុលាការរហូតមានការកាត់សេចក្តីដូចខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: