អន្តរជាតិ

នាយក TikTok នឹងឡើងសវនាការជាមួយសភាអាមេរិកជុំវិញករណីចោទប្រកាន់ថា បណ្តាញសង្គមមួយនេះជាចារកម្មរបស់រដ្ឋាភិបាលចិន

BY
Pheakdey
March 22, 2023

ចិន៖ នាយកប្រតិបត្តិនៃកម្មវិធី TikTok បានចេញមកបញ្ជាក់ថា បណ្តាញសង្គមខ្នាតយកដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងបំផុតនៅលើពិភពលោកមួយនេះ ពុំមានការពាក់ព័ន្ធជាមួយនិងរដ្ឋាភិបាលចិនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី២២ ខែមីនានេះ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើង ដោយលោក Chew Shou Zi នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។

តាមគម្រោងគឺលោកនាយកប្រតិបត្តិរបស់ TikTok រូបនេះនឹងត្រូវចូលទៅបង្ហាញខ្លួនក្នុងសវនាការដ៏សំខាន់មួយជាមួយនិងសភាអាមេរិកនៅឯតុលាការទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ស្អែកនេះដើម្បីស្រាយបំភ្លឺជុំវិញករណីដែលរដ្ឋាភិបាលអាមេរិកចោទថា TikTok បានលួចយកទិន្នន័យរបស់ពលរដ្ឋអាមេរិកដើម្បីផ្តល់ទៅឲ្យរដ្ឋាភិបាលចិន។ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ការសម្រេចហាមឃាត់ TikTok នៅលើទឹកដីអាមេរិកនឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចនិងសេដ្ឋកិច្ចមួយផ្នែកនៅអាមេរិក ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋអាមេរិកផងដែរ។

លោក Chew Shou Zi បានបញ្ជាក់ផងដែរថា លោកនឹងធ្វើការសន្យាយ៉ាងច្បាស់លាស់ជាមួយសភាអាមេរិកដើម្បីបញ្ជាក់ថា ពិតជាគ្មានទិន្នន័យរបស់ពលរដ្ឋអាមេរិកណាម្នាក់ត្រូវបាន TikTok លួចយកទៅឲ្យរដ្ឋាភិបាលចិននោះទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋអាមេរិកប្រមាណជា ១៥០លាននាក់កំពុងប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃទាំងក្នុងគោលបំណងកំសាន្តនិងផ្សព្វផ្សាយពាណិជ្ជកម្ម៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: