អន្តរជាតិ
ពលរដ្ឋអាមេរិកមួយចំនួននាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងគម្រោងបិទ TikTok របស់សភាអាមេរិក
អាមេរិក៖ ពលរដ្ឋអាមេរិកមួយចំនួនបាននាំគ្នាធ្វើការតវ៉ាដើម្បីសម្តែងនូវការមិនពេញចិត្តនិងបង្ហាញជំហរប្រឆាំងយ៉ាងខ្លាំងទៅនឹងគម្រោងធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់បណ្តាញសង្គម TikTok របស់សភាអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនានេះ។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅពីមុខវិមានកាពីតូល ដែលជាវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកតវ៉ាទាំងអស់គឺសុទ្ធតែជាប្រិយមិត្តអ្នកគាំទ្រនិងកំពុងប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃ។

ប្រភពខាងលើបានបន្តថា ក្រុមអ្នកតវ៉ាភាគច្រើនគឺសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ថា បណ្តាញសង្គម TikTok កំពុងក្លាយជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មដ៏មានសក្តានុពលមួយដែលជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន ហើយការបិទបណ្តាញសង្គមមួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពួកយ៉ាងខ្លាំង។ ក្រុមអ្នកតវ៉ាមួយចំនួនក៏បានលើកឡើងផងដែរថា ការហាមឃាត់មិនឲ្យប្រើប្រាស់ TikTok នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិជាសាធារណៈយ៉ាងខ្លាំង ពោលគឺវាផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ប្រជាធិបតេយ្យដែលអាមេរិកកំពុងអនុវត្ត។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាលអាមេរិកចង់ធ្វើការហាមហាត់បណ្តាញសង្គម TikTok ក្រោមហេតុផលថា បណ្តាញសង្គមមួយនេះគឺជាចារកម្មរបស់រដ្ឋាភិបាលចិន ហើយបើ TikTok ចង់បន្តមានវត្តមាននៅលើ App Store គឺក្រុមហ៊ុន TikTok ត្រូវតែលក់ភាគហ៊ុនមួយចំនួនឲ្យទៅរដ្ឋាភិបាលអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia