អន្តរជាតិ
កូរ៉េខាងជើងធ្វើតេស្តសាកល្បងយន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលអាចហោះចេញពីក្រោមទឹក និងអាចជម្រុញឲ្យមានរលកស៊ូណាមិ
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនានេះបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរគួរឲ្យកត់ស្គាល់ថ្មីមួយប្រភេទទៀត គឺយន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលអាចហោះចេញពីក្រោមទឹកបាន។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងអាវុធថ្មីនេះត្រូវបានរៀបចំឡើងនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស ក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំសំខាន់ៗជាច្រើនរូបរបស់រដ្ឋាភិបាលកូរ៉េខាងជើង។

នៅក្នុងការធ្វើតេស្តសាកល្បងនោះគេបានមើលឃើញថា យន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលជាអាវុធថ្មីរបស់កូរ៉េខាងជើងនោះគឺបានហោះចេញពីសមុទ្រក្នុងជម្រៅចន្លោះពី ៨០-១៥០ ម៉ែត្រ ក្រោយបានធ្វើដំណើរនៅក្រោមទឹកសមុទ្រអស់រយៈពេល ៥៩ម៉ោង។ ប្រភពខាងលើបានបន្តថា អាវុធនុយក្លេអ៊ែរថ្មីនេះអាចបង្កឲ្យមានរលកវិទ្យុសកម្មយ៉ាងខ្លាំង ដែលអាចជម្រុញឲ្យមានរលកស៊ូណាមិផងដែររាល់ការបាញ់វាម្តងៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia