អន្តរជាតិ
Accenture ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម IT ដ៏ធំនៅលើពិភពលោកសម្រេចកាត់បន្ថយបុគ្គលិកជិត ២ម៉ឺននាក់ដើម្បីឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចសកល
អៀរឡង់៖ ក្រុមហ៊ុន Accenture ដែលជាក្រុមហ៊ុនកូនកាត់អៀរឡង់-អាមេរិកគ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១៩,០០០នាក់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនានេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមហ៊ុន ពោលគឺជាផែនការចំណាយដែលត្រូវតែមានតុល្យភាពជាមួយនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុន។

ប្រភពខាងលើបានបន្តថា ការកាត់បន្ថយបុគ្គលិកជិត ២ម៉ឺននាក់នេះនឹងធ្វើឲ្យក្រុមហ៊ុន Accenture ត្រូវបាត់បង់កម្លាំងពលកម្មប្រមាណជា ២,៥% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុននៅជុំវិញពិភពលោក។ គេនៅចាំបានថា កាលពីឆ្នាំមុនក្រុមហ៊ុន Accenture ក៏ធ្លាប់បានកាត់បន្ថយបុគ្គលិកអស់រាប់ពាន់នាក់ម្តងហើយ ក្រោយក្រុមហ៊ុនបានរងឥទ្ធិពលអាក្រក់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចសកល។ សូមបញ្ជាក់ជូនថា Accenture គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកព័ត៌មានវិទ្យា (IT) ដ៏ធំនៅលើពិភពលោក មានមូលដ្ឋាននៅក្នុងប្រទេសអៀរឡង់ ខណៈប្រតិបត្តិការណ៍អាជីវកម្មរបស់ក្រុមហ៊ុនមួយនេះអាចមានតម្លៃរហូតដល់ជាង ៦០ ពាន់លានដុល្លារឯណោះកាលពីឆ្នាំកន្លងទៅ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
អន្តរជាតិ
វៀតណាមជិតឈានដល់ការអនុម័តពេញលេញ សម្រាប់វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកដំបូងរបស់ពិភពលោក
មន្ត្រីពេទ្យសត្វពិភពលោក និងសហរដ្ឋអាមេរិកបាននិយាយថា វ៉ាក់សាំងប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក (African swine fever) ដែលកំពុងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាម បានឈានជិតដល់ការអនុម័តជាផ្លូវការហើយ នៅក្នុងអ្វីដែលនឹងក្លាយជារបកគំហើញដ៏សំខាន់បំផុតមួយ ដើម្បីដោះស្រាយជំងឺសត្វដ៏សាហាវ ដែលតែងតែបំផ្លាញកសិដ្ឋានចិញ្ចឹមជ្រូកទូទាំងពិភពលោកមួយនេះ។ វ៉ាក់សាំងទី១ មានឈ្មោះថា NAVET-ASFVAC ដែលជាការសហការគ្នាបង្កើតឡើងដោយក្រុមហ៊ុនវៀតណាម NAVETCO និងក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។ វ៉ាក់សាំងទី២ មានឈ្មោះថា AVAC ASF LIVE ដែលត្រូវបានរកឃើញដោយអ្នកស្រាវជ្រាវអាមេរិក និងធ្វើពាណិជ្ជកម្មដោយក្រុមហ៊ុនវៀតណាម AVAC។

វ៉ាក់សាំងទាំង ២ ត្រូវបានសាកល្បងនៅក្នុងប្រទេសវៀតណាម ដោយសារតែជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនសូវមានការផ្ទុះឡើងនៅសហរដ្ឋអាមេរិកនោះទេ ស្របពេលដែលការធ្វើតេស្ដនៅប្រទេសចិន ក៏មានភាពលំបាកដោយសារទិន្នន័យមានកម្រិត។ប្រទេសវៀតណាមបានអនុម័តឱ្យមានការសាកល្បងវ៉ាក់សាំង NAVET-ASFVAC និង AVAC ASF LIVE រួចមកហើយ សម្រាប់ជំហានបន្ទាប់ គឺការអនុម័តពេញលេញសម្រាប់ការចែកចាយទូទាំងប្រទេស និងលទ្ធភាពនៃការលក់ទៅកាន់ពិភពលោក។
ជម្រាបដែរថា ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានរំខានដល់ទីផ្សារសាច់ជ្រូកពិភពលោកដែលមានតម្លៃ ២៥០ លានដុល្លារ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាក់ស្ដែងកាលពីអំឡុងឆ្នាំ២០១៨-១៩ ជ្រូកកសិដ្ឋានប្រហែលពាក់កណ្ដាលនៅក្នុងប្រទេសចិន ដែលជាអ្នកផលិតធំបំផុតរបស់ពិភពលោក ត្រូវបានស្លាប់ ដែលបណ្តាលឱ្យមានការខាតបង់ប្រមាណជាង ១០០ ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia