អន្តរជាតិ

រលកកម្តៅបង្កឲ្យមានបញ្ហាភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយនៅអេស្ប៉ាញ និងបង្ខំឲ្យពលរដ្ឋជាង ១,៥០០នាក់ត្រូវជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
March 25, 2023

អេស្ប៉ាញ៖ យ៉ាងហោចណាស់មានពលរដ្ឋអេស្ប៉ាញប្រមាណជា ១,៥០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ ដើម្បីរត់គេចខ្លួនពីបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃសោរ៍ ទី២៥ ខែមីនានេះ។ គួរកត់សម្គាល់ថា បញ្ហាធម្មជាតិមួយនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសអេស្ប៉ាញ ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ពោលគឺវាតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងពេលនៃរដូវក្តៅចូលមកដល់។

យ៉ាងណាក្តី អ្វីដែលគេបានកត់សម្គាល់អំពីគ្រោះធម្មជាតិខាងលើនេះគឺវាបានក្លាយជាបញ្ហាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតដែលបានវាយប្រហារប្រទេសអេស្ប៉ាញនៅក្នុងឆ្នាំនេះ ខណៈយោងទៅតាមការព្យាករណ៍បានបង្ហាញថា អេស្ប៉ាញអាចប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃជាបន្តបន្ទាប់ទៀតព្រោះសីតុណ្ហភាពនៅអេស្ប៉ាញអាចនឹងបន្តកើនឡើងខ្ពស់នៅក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានលេបត្របាក់ព្រៃអស់ប្រមាណជា ៣,០០០ហិចតា ហើយអាជ្ញាធរបានកំពុងតែប្រើប្រាស់យន្តហោះនិងឧទ្ធម្ភាគចក្រចំនួន ១៨គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យជាច្រើ​នរយនាក់ដើម្បីធ្វើអន្តរាគមន៍ពន្លត់ភ្លើងខាងលើនេះ ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបញ្ជាក់ថា មានជនរងគ្រោះដល់អាយុជីវិតនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: