អន្តរជាតិ

ពលរដ្ឋថៃមួយក្រុមបរិច្ចាគប្រហិតរាប់រយគីឡូក្នុងថ្ងៃខួបកំណើតរបស់ Lisa ព្រោះហេតុផលដ៏ពិសេសមួយនេះ

BY
Pheakdey
March 28, 2023

ថៃ៖ ពលរដ្ឋថៃមួយក្រុមបាននាំគ្នាធ្វើការបរិច្ចាគប្រហិតជាង ៥០០គីឡូក្រាម​ដើម្បីអបអរថៃ្ងខួបកំណើតរបស់តារាចម្រៀង K-pop មានដើមកំណើតថៃ គឺអ្នកនាង Lisa ដែលជាសមាជិកម្នាក់របស់ក្រុមតារាចម្រៀងស្រី Blackpink និងជាតារាចម្រៀងស្រីដែលកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះបានបញ្ជាក់ថា ក្រុមពលរដ្ឋដែលបានយកប្រហិតធ្វើជាប្រធានបទសំខាន់នៅក្នុងថ្ងៃខួបកំណើតរបស់ Lisa នោះគឺជាក្រុមអ្នកលក់ប្រហិតនៅចំណតរថភ្លើងមួយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Buri Ram ភាគខាងជើងប្រទេសថៃ។

ប្រភពខាងលើបានបន្តថា ខេត្តខាងលើនេះគឺជាខេត្តកំណើតរបស់តារាចម្រៀង Lisa ហើយនាពេលកន្លងមកក្នុងពេលទៅលេងស្រុកកំណើតតារាចម្រៀងវ័យ ២៧ឆ្នាំរូបនេះក៏បានទៅទិញប្រហិតនៅទីតាំងខាងលើនេះញ៉ាំផងដែរ ដ្បិតវាជាអាហារដែលនាងចូលចិត្តតាំងពីនៅក្មេងម្លេះ។ ដំណឹងដែលតារាលំដាប់អន្តរជាតិរូបនេះទៅទិញប្រហិតលក់តាមដងផ្លូវញ៉ាំយ៉ាងសាមញ្ញបំផុតនេះត្រូវបានបណ្តាញសារព័ត៌មានល្បីៗជាច្រើនយកទៅចុះផ្សាយយ៉ាងព្រោងព្រាត ហើយវាក៏បានជួយផ្សព្វផ្សាយឲ្យកន្លែងលក់ប្រហិតនោះក្លាយជាក​ន្លែងលក់ប្រហិតដាច់បំផុតផងដែរ។ ព្រោះហេតុផលនេះហើយទើបក្រុមអ្នកលក់ប្រហិតសម្រេចធ្វើការបរិច្ចាគប្រហិតសរុបរាប់រយគីឡូក្នុងថ្ងៃខួបកំណើតរបស់ Lisa ដើម្បីទុកជាការថ្លែងអំណរគុណចំពោះរូបនាង ដែលបានជួយធ្វើឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើនយ៉ាងខ្លាំង។ សូមបញ្ជាក់ជូនថា ខួបកំណើតគំរប់វ័យ ២៦ ឆ្នាំរបស់តារាចម្រៀង Liរsa គឺត្រូវបានរៀបចំឡើងកាលពីថ្ងៃទី ២៧ ខែមីនាម្សិលមិញនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: