អន្តរជាតិ

មនុស្សជាង ១០នាក់បានបាត់បង់ជីវិត ខណៈ ៧នាក់កំពុងបាត់ខ្លួននៅក្នុងហេតុការណ៍ភ្លើងឆេះសាឡាងមួយគ្រឿងដែលកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រហ្វីលីពីន

BY
Pheakdey
March 30, 2023

ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះសាឡាងដឹកអ្នកដំណើរដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីល្ងាចថ្ងៃពុធម្សិលមិញម្លេះ នៅឯតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយនៅលើសាឡាងនោះមានផ្ទុកមនុស្សសរុបចំនួន ៤៣០នាក់។

ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងចំណោមមនុស្សចំនួន ២៥០នាក់ដែលបានសម្រេចលោតចូលទឹកសមុទ្រនៅពេលដែលអគ្គីភ័យផ្តើមឆាបឆេះនៅលើសាឡាង​ ហើយក៏មានមនុស្សមួយចំនួនបានរងរបួសផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញហេតុផលពិតប្រាកដដែលជំរុញឲ្យមានភ្លើងឆេះនៅលើសាឡាងកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រមួយគ្រឿងនេះនៅឡើយទេ ខណៈអាជ្ញាធរហ្វីលីពីនកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ដើម្បីរកឲ្យឃើញមូលហេតុជាក់ស្តែងនិងអ្នកដែលត្រូវទទួលខុសត្រូវចំពោះហេតុការណ៍ដ៏កម្រមួយនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

 

Share This Post: