ជប៉ុនគ្រោងប្រើប្រាស់សៀវភៅពុម្ពឌីជីថលនៅកម្រិតបឋមសិក្សា ដើម្បីអនុញ្ញាតឲ្យកូនសិស្សអាចស្កេន QR Code មើលរូបភាពនិងស្តាប់សំឡេងមេរៀនបាន
- BY
- Pheakdey
- March 30, 2023
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងដាក់ឲ្យប្រើប្រាស់សៀវភៅពុម្ពសម្រាប់សិស្សនៅកម្រិតបឋមសិក្សាស៊េរីថ្មី ដែលមានបញ្ចូលនូវ QR Code នៅតាមទំព័រសៀវភៅដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្សអាចស្កេនមើលរូបភាព និងស្តាប់សំឡេងនៅក្នុងមេរៀនបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ។ តាមគម្រោងគឺសៀវភៅពុម្ពសម្រាប់សិស្សាជំនាន់ថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២៤ខាងមុខនេះ និងនៅគ្រប់សាលារៀនទាំងអស់នៅទូទាំងប្រទេសជប៉ុន។

បើតាមក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនបានបញ្ជាក់ថា សៀវភៅដែលគេគ្រោងនឹងបញ្ចូល QR Code នោះមានចំនួន ១៤៩ក្បាល សម្រាប់ប្រើប្រាស់នៅក្នុងមុខវិទ្យាចំនួន ១១មុខផ្សេងគ្នា។ ប្រភពខាងលើបានបន្តថា គំនិតផ្តួចផ្តើមឲ្យមានការប្រើប្រាស់សៀវភៅឌីជីថលនេះបានកើតឡើងក្រោយការមើលឃើញពីសារៈសំខាន់របស់វាតាំងពីជំនាន់ដែលមានការរាតត្បាតជំងឺកូវីដ-១៩ម្លេះ ពោលគឺអំឡុងពេលដែលសិស្សានុសិស្សត្រូវរៀនតាមប្រព័ន្ធ Online ឬសិស្សាពីចម្ងាយ។ ក្រសួងអប់រំជប៉ុនជឿជាក់ថា សៀវភៅសិស្សាជំនាន់ថ្មីនេះនឹងជួយជំរុញឲ្យសិស្សទាំងអស់អាចធ្វើការសិក្សាបន្ថែមដោយខ្លួនឯងបានយ៉ាងទូលំទូលាយ និងចំណេញពេលវេលាបានច្រើនជាងមុនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






