លោក Donald Trump ក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌ
- BY
- Pheakdey
- March 31, 2023
អាមេរិក៖ លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនានេះ។ ការចុះផ្សាយអត្ថបទនេះត្រូវបានធ្វើឡើងក្រោយគណៈវិនិច្ឆ័យនៅសង្កាត់ Manhattan ក្រុងញូវយ៉កសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការចំពោះលោក Donald Trump ជុំវិញករណីដែលរូបលោកបានផ្តល់ប្រាក់យ៉ាងសម្ងាត់ទៅឲ្យតារាសម្តែងរឿងអាសអាភាសម្នាក់គឺអ្នកនាង Stormy Daniels។

គួររម្លឹកជូនថា រឿងអាស្រូវរបស់លោក Donald Trump បានកើតមានឡើងតាំងពីឆ្នាំ ២០០៦ម្ល៉េះ ដោយពេលនោះរូបលោកនៅមានអាយុ ៦០ឆ្នាំ ខណៈអ្នកនាង Stormy Daniels កំពុងមានអាយុ ២៧ឆ្នាំ។ យោងតាមការស៊ើបអង្កេត គឺគេបានរកឃើញថា លោក Donald Trump និងអ្នកនាង Stormy Daniels បានលួចមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ខណៈដែលរូបលោកកំពុងមានប្រពន្ធរួចទៅហើយ។ ដើម្បីលាក់បាំងរឿងសម្ងាត់នេះលោក Donald Trump បានផ្តល់ប្រាក់ចំនួន ១៣០,០០០ដុល្លារទៅកាន់អ្នកនាង Stormy Daniels ដើម្បីឲ្យរូបនាងជួយលាក់បាំងរឿងនេះ ឬអាចនិយាយថា លោកបានសូកប៉ាន់បំបិទមាត់អ្នកនាង Stormy Daniels មិនឲ្យនិយាយការពិត ហើយសកម្មភាពសូកប៉ាន់នេះហើយ ដែលត្រូវបានគេចាត់ទុកថា ជាបទល្មើសព្រហ្មទណ្ឌនោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






