អន្តរជាតិ

អាជ្ញាធរក្រុងបារីសនឹងធ្វើការហាមឃាត់លែងឲ្យប្រើប្រាស់ E-scooter នៅលើដងផ្លូវព្រោះហេតុផលមួយចំនួននេះ

BY
Pheakdey
April 3, 2023

បារាំង៖ ពលរដ្ឋនៅក្នុងទីក្រុងបារីស ប្រទេសបារាំងបាននាំគ្នាបោះឆ្នោតស្នើឲ្យធ្វើការហាមឃាត់ម៉ូតូអគ្គិសនីខ្នាតតូច (E-scooter) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមេសានេះ។ ការបោះឆ្នោតស្នើកុំឲ្យមានការប្រើប្រាស់យានជំនិះដ៏ទំនើបនិងកំពុងពេញនិយមមួយប្រភេទនេះនៅលើដងផ្លូវក្នុងទីក្រុងបារីសត្រូវបានធ្វើឡើងក្នុងសំឡេងគាំទ្រភាគច្រើនបំផុត ពោលគឺមានសំឡេងគាំទ្ររហូតដល់ជាង ៩០%ឯណោះនៃចំនួនពលរដ្ឋសរុបដែលបានធ្វើការបោះឆ្នោត។

យោងទៅតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិខាងលើនេះ អាជ្ញាធរក្រុងបារីសបានធ្វើការឆ្លើយតបថា អាជ្ញាធរនឹងគោរពតាមសំឡេងភាគច្រើនរបស់ប្រជាពលរដ្ឋ ខណៈសេចក្តីហាមឃាត់ផ្លូវការស្តីពីការហាមឃាត់ E-scooter នឹងត្រូវធ្វើឡើងនៅក្នុងពេលលដ៏ខ្លីខាងមុខនេះ។គួរកត់សម្គាល់ថា ពលរដ្ឋក្នុងទីក្រុងបារីសភាគច្រើនបានយល់ឃើញដូចគ្នាថា ការប្រើប្រាស់ E-scooter នៅលើដងផ្លូវក្នុងទីក្រុងបានបង្កឲ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ហើយយានជំនិះប្រភេទនេះក៏ជាផ្នែកមួយជំរុញឲ្យមានគ្រោះថ្នាក់នៅលើដងផ្លូវផងដែរ។ ជាក់ស្តែងយោងតាមរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរចរណ៍ក្នុងទីក្រុងបារីសកាលពីឆ្នាំ ២០២១បានបង្ហាញថា មានពលរដ្ឋចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដែលជាប់ពាក់ព័ន្ធជាមួយការប្រើប្រាស់ E-scooter​ ក្នុងចំណោមគ្រោះថ្នាក់សរុបដែលបានកើតឡើងចំនួន ៤៥៩ករណី៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: