ការសិក្សាមួយបង្ហាញថា សម្ពាធនៃជំងឺកូវីដ-១៩បានជំរុញឲ្យពលរដ្ឋជប៉ុន ១នាក់ក្នុងចំណោម ៥០នាក់ត្រូវរស់នៅដោយកាត់ផ្តាច់ខ្លួនឯងចេញពីសង្គម
- BY
- Pheakdey
- April 5, 2023
ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា មានពលរដ្ឋជប៉ុនចំនួន ១នាក់ក្នុងចំណោម ៥០នាក់កំពុងរស់នៅដោយការកាត់ផ្តាច់ខ្លួនឯងចេញពីសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរជប៉ុន តាមរយៈការស្ទង់មតិទៅលើពលរដ្ឋដែលមានអាយុចន្លោះពី ១០ ទៅ ៦៩ឆ្នាំ ចំនួន ៣០,០០០នាក់។

ប្រភពខាងលើបានបន្តថា កត្តាដែលជំរុញឲ្យពលរដ្ឋជប៉ុនមួយចំនួនត្រូវរស់នៅដោយការកាត់ផ្តាច់ខ្លួនឯងចេញពីសង្គមដូចនេះ គឺដោយសារពួកគេទទួលរងនូវសម្ពាធអវិជ្ជមានផ្សេងៗបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញទៀតថា នៅក្នុងចំណោមពលរដ្ឋជប៉ុនដែលកំពុងរស់នៅដោយការផ្តាច់ខ្លួនឯងចេញពីសង្គមទាំងអស់នោះគឺមាន ៦នាក់ក្នុងចំណោម ១០នាក់គឺជាបុរស។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា ចំពោះរយៈពេលដែលពលរដ្ឋជប៉ុនត្រូវរស់នៅដាច់ដោយឡែកតែឯងពីសង្គមនេះគឺអាចមានរយៈពេលចន្លោះពី ៦ខែ រហូតដល់ ៣ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






