អន្តរជាតិ

បុរសចិនម្នាក់ជួលស្រីស្អាត ១០នាក់ឲ្យទៅរាំនៅមុខរូបសំណាក់អ្នកតាជាច្រើនអង្គដើម្បីថ្វាយលាបំណន់ (មានវីដេអូ)

BY
Pheakdey
April 6, 2023

ថៃ៖ បុរសជនជាតិចិនម្នាក់បានជួលស្រីស្អាតចំនួន ១០នាក់ឲ្យទៅរាំនៅមុខរូបសំណាក់អ្នកតាមួយកន្លែងយ៉ាងភ្ញាក់ផ្អើលបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែមេសាម្សិលមិញនេះ។ សកម្មភាពរាំច្រៀងយ៉ាងសប្បាយនៅមុខរូបសំណាក់អ្នកតាជាច្រើនអង្គនេះបានកើតឡើងនៅក្នុងខេត្ត Kamphaeng Phet ភាគកណ្តាលប្រទេសថៃ ខណៈបុរសជនជាតិចិនដែលជាអ្នករៀបចំកម្មវិធីដ៏ចម្លែកនេះត្រូវបានគេដឹកថា គឺជាអ្នកជំនួញដែលទើបរកស៊ីកាក់កបបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។

ប្រភពខាងលើបានបន្តថា ស្រ្តីដែលជាអ្នករាំទាំងអស់នោះគឺសុទ្ធតែជារាំអាជីព មានសម្រស់ស្រស់ស្អាត ហើយក្នុងពេលទៅរាំនោះមានអ្នកខ្លះស្លៀកទាំងឈុតប៊ីគីនីទៀតផង។ ក្នុងពេលរាំនោះក្រុមស្រ្តីជាអ្នករាំក៍បាននាំគ្នាស្រែកបន្ទរតាមបទភ្លៀងនូវពាក្យដែលមានន័យថា “មាន មាន មាន មាន” ព្រមៗគ្នាផងដែរ។ ចំពោះមូលហេតុនៅពីក្រោយការរៀបចំកម្មវិធីយ៉ាងចម្លែកនេះវិញគឺត្រូវបានអ្នកជំនួយជនជនជាតិចិនរូបនេះបញ្ជាក់ថា វាគឺជាតង្វាយដែលគាត់ត្រូវតែរៀបចំដើម្បីលាបំណន់ចំពោះមុនអ្នកតា ដ្បិតនាពេលកន្លងមករូបគាត់ធ្លាប់ធ្វើការបន់ស្រន់និងស្បថចំពោះមុខអ្នកតាថា រូបគាត់នឹងថ្វាយនូវតង្វាយប្រភេទនេះបើសិនអ្នកតាជួយឲ្យជំនួញរបស់គាត់ជោគជ័យ ហើយជាក់ស្តែងនូវពេលនេះគឺជំនួយរបស់គាត់ពិតជាទទួលបានជោគជ័យមែន៕


អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: