អន្តរជាតិ

ចិនប្រកាសធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ចំនួន ៣ថ្ងៃ

BY
Pheakdey
April 8, 2023

ចិន៖ ទីក្រុងប៉េកាំងបានប្រកាសថា នឹងបើកធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ចំនួន ៣ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៨ ខែមេសានេះ។ បើតាមទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់ថា តាមគម្រោងគឺសមយុទ្ធយោធានេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៨ ខែមេសានេះតទៅតែម្តង ដ្បិតក្បួនយោធាមួយចំនួនរបស់ចិនបានកំពុងតែវត្តមាននៅលើទីតាំងដែលគេគ្រោងនឹងធ្វើសមយុទ្ធយោធានោះរួចស្រាប់ទៅហើយ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹកនៅក្នុងថ្ងៃសោរ៍ ទី ៨ ខែមេសានេះគឺចិនបានដាក់ពង្រាយនាវាចម្បាំងចំនួន ៣គ្រឿង និងយន្តហោះចម្បាំងចំនួន ១៣គ្រឿងនៅតំបន់ឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់រួចស្រាប់ទៅហើយ ខណៈសំឡេងផ្ទុះអាវុធណាមួយនៅមិនទាន់កើតមាននៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងទីក្រុងប៉េកាំងជាមួយនិងទីក្រុងតៃប៉ិនៅពេលនេះគឺត្រូវបានកើតឡើងជាថ្មីម្តងទៀត ក្រោយពេលដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញចូលជួបជាមួយ និងលោក Kevin McCarthy ដែលជាអ្នកនាំពាក្យសេតវិមានអាមេរិកកាលពីដើមសប្តាហ៍នេះ៕

អត្ថបទ៖​ ភក្តី

ប្រភព៖ Channel News Asia

Share This Post: