អន្តរជាតិ

រលកកម្តៅបង្កឲ្យមានភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូងនិងបង្ខំឲ្យពលរដ្ឋជាច្រើនរយនាក់ត្រូវរត់ជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
April 11, 2023

កូរ៉េខាងត្បូង៖ ភ្លើងបានឆាបឆេះព្រៃមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូងយ៉ាងឆាប់រហ័ស និងបានបង្ខំឲ្យពលរដ្ឋប្រមាណជា ៣០០នាក់ត្រូវបង្ខំចិត្តរត់ជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១១ ខែមេសានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ព្រៃក្នុងទីក្រុង Gangneung ភាគខាងលិចនៃប្រទេសកូរ៉េខាងត្បូង ខណៈក្រុងមួយនេះមានពលរដ្ឋរស់នៅសរុបប្រមាណជា ២០០,០០០នាក់។

បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ភ្លើងបានចាប់ផ្តើមឆេះតាំងតែពីម៉ោង ៨ និង ៣០នាទីព្រឹកមកម្លេះ ហើយមូលហេតុដែលបង្កឲ្យភ្លើងឆេះគឺបណ្តាលមកពីអាធាតុឡើងកម្តៅខ្ពស់ខ្លាំងពេករហូតបង្កឲ្យមានភ្លើងឆេះព្រៃដោយខ្លួនឯង។ ប្រភពខាងលើបានបញ្ជាក់ថា ពលរដ្ឋប្រហែលជា ៣០០នាក់ ដែលបានរត់ភៀសខ្លួននោះគឺបានទៅដល់កន្លែងមានសុវត្ថិភាពទាំងអស់គ្នាហើយ ខណៈគិតត្រឹមពេលនេះគឺគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះធ្ងន់ធ្ងរនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: