អន្តរជាតិ

ជប៉ុនលុបចោលការទាញសញ្ញាអាសន្នជុំវិញការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយអះអាងថាសំឡេងរោទិ៍នៃសញ្ញាអាសន្ននោះបានបន្លឺឡើងដោយកំហុសបច្ចេកទេសប៉ុណ្ណោះ

BY
Pheakdey
April 13, 2023

ជប៉ុន៖ អាជ្ញាធរជប៉ុនសម្រេចលុបចោលវិញហើយនូវការទាញសញ្ញាអាសន្នបន្ទាន់ជុំវិញករណីដែលប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ១គ្រាប់កាលពីព្រឹកមិញ​ នេះបើយោងតាមសេចក្តីរាយការណ៍ចុងក្រោយមួយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ។ ទន្ទឹមនឹងការលុបចោលការទាញសញ្ញាអាសន្ននោះ អាជ្ញាធរជប៉ុនបានបញ្ជាក់ថា សំឡេងរោទិ៍នៃសញ្ញាអាសន្នកាលពីព្រឹកមិញនេះគឺបានបន្លឺឡើងដោយសារតែកំហុសបច្ចេកទេសប៉ុណ្ណោះ។

គួរកត់សម្គាល់ថា កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសានេះ ទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយចំនួនមួយគ្រាប់ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះហុកកៃដូរបស់ជប៉ុន។ ភ្លាមៗក្រោយមីស៊ីលបានផ្ទុះនៅលើផ្ទៃសមុទ្រ គឺគេបានឮសំឡេងរោទិ៍នៃសញ្ញាអាសន្នដែលអាជ្ញាធរកោះហុកកៃដូបានបន្លឺឡើង ហើយតាមរយៈសញ្ញាអាសន្ននោះគឺតម្រូវឲ្យពលរដ្ឋនៅក្នុងតំបន់កើតហេតុត្រូវប្រញាប់រត់ចេញពីផ្ទះ ឬពីកន្លែងធ្វើការដើម្បីទៅសម្ងំលាក់ខ្លួននៅក្នុងកន្លែងសុវត្ថិភាពដែលអាជ្ញាធរបានរៀបចំទុកជូនពួកគេក្នុងគ្រាមានអាសន្ន៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: