ថៃសម្រេចកែប្រែយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មួយចំនួន ដើម្បីឆ្លើយតបនឹងកំណើនអ្នកឆ្លងថ្មីក្រោយ “បុណ្យសង្ក្រាន្ត”
- BY
- Pheakdey
- April 17, 2023
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានសម្រេចកែប្រែយុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មួយចំនួន ដើម្បីឆ្លើយតបនឹងកំណើននៃអ្នកឆ្លងថ្មីនៅឱកាសនៃពិធី “បុណ្យសង្ក្រាន្ត” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសានេះ។ យុទ្ធសាស្រ្តនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ថ្មីនោះគឺអាជ្ញាធរថៃនឹងធ្វើការកំណត់ក្រុមមានហានិភ័យខ្ពស់នៃការឆ្លងជំងឺ ខណៈក្រុមពលរដ្ឋទាំងនេះនឹងត្រូវបានលើកទឹកចិត្តឲ្យមកចាក់វ៉ាក់សាំងដូសជម្រុញឲ្យបានឆាប់រហ័សតាមតែអាចធ្វើទៅបាន។

បើតាមលោកវេជ្ជបណ្ឌិត Tares Krassanairawiwong ដែលជាប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា កាលពីសប្តាហ៍មុនអាជ្ញាធរថៃបានរកឃើញករណីឆ្លងថ្មីចំនួន ៤៣៥នាក់ ឬគិតជាមធ្យមមានអ្នកឆ្លងថ្មីប្រហែលជា ៦២នាក់ក្នុងមួយថ្ងៃ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកឆ្លងថ្មីនេះនឹងបន្តកើនឡើងយ៉ាងគំហុកក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីថៃរួច។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្តថា ក្រុមអ្នកជំនាញថៃកំពុងមានការព្រួយបារម្ភចំពោះករណីឆ្លងនៃមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីចុងក្រោយមួយប្រភេទគឺមេរោគបំប្លែងខ្លួនប្រភេទ XBB.1.16 ដែលជាប្រភេទមេរោគដ៏មានគ្រោះថ្នាក់មួយបំប្លែងខ្លួនចេញពីមេរោគអូមីក្រុង៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






