សេដ្ឋីម៉ាឡេស៊ីម្នាក់ចាយលុយ ២០លានដុល្លាររៀបចំគម្រោងចូលថតរូបជាមួយលោក បារ៉ាក់ អូបាម៉ា ដើម្បីយករូបថតនោះទៅបោកយកលុយពីសប្បុរសជន
- BY
- Pheakdey
- April 19, 2023
អាមេរិក៖ តារាចម្រៀងរ៉េបដ៏ល្បីល្បាញម្នាក់របស់សហរដ្ឋអាមេរិក គឺលោក Pras Michel បានសារភាពប្រាប់ចៅក្រមនៅក្នុងតុលាការក្រុងវ៉ាស៊ីនតោនថា គាត់បានទទួលលុយខុសច្បាប់ចំនួន ២០លានដុល្លារពីមហាសេដ្ឋីម៉ាឡេស៊ីម្នាក់ជាថ្នូរនិងការជួយរៀបចំឲ្យមហាសេដ្ឋីរូបនោះបានថតរូបជាមួយអតីតប្រធានាធិបតីអាមេរិកគឺលោក Barack Obama។ គួរកត់សម្គាល់ថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១២ ម្ល៉េះ ពោលគឺនៅជំនាន់ដែលលោក Barack Obama កំពុងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។

តារាចម្រៀងរ៉េប Pras Michel
មហាសេដ្ឋីម៉ាឡេស៊ីដែលជាអ្នកនៅពីក្រោយករណីដ៏រសើបនេះគឺលោក Jho Low ហើយមូលហេតុដែលរូបគាត់ចង់ថតរូបជាមួយលោក Barack Obama គឺដើម្បីយករូបថតនោះទៅបន្លំភ្នែកសប្បុរសជនឲ្យចូលរួមបរិច្ចាគប្រាក់ក្នុងមូលនិធិសប្បុរសធម៌ Jho Low សម្រាប់ការគាំទ្រយុទ្ធនាការ Mr Obama’s campaign។ ប្រភពខាងលើបានបន្តថា មហាសេដ្ឋី Jho Low ក៏ធ្លាប់បានចាយលុយខុសច្បាប់ប្រហែល ៧០លានដុល្លារផងដែរ នៅក្នុងជំនាន់ដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដើម្បីជម្រុញឲ្យរដ្ឋបាលរបស់លោក Donald Trump ទម្លាក់ចោលនូវការស៊ើបង្កេតជុំវិញករណីចោទប្រកាន់ថា រូបលោកបានលួចលុយរាប់ពាន់ដុល្លារពីមូលនិធិអភិវឌ្ឍន៍ម៉ាឡេស៊ី 1MDB (1Malaysia Development Berhad)។
គួរបញ្ជាក់ជូនថា ក្រោមការរៀបចំរបស់តារាចម្រៀងរ៉េប Pras Michel ដែលជាមិត្តភក្តិនឹងគ្នានោះគឺលោកមហាសេដ្ឋី Jho Low បានចូលថតរូបជាមួយលោក Barack Obama នៅក្នុងកម្មវិធី White House Christmas party ក្នុងឆ្នាំ ២០១២ ដែលបានរៀបចំឡើងនៅក្នុងសេតវិមានអាមេរិក។ បច្ចុប្បន្នលោកមហាសេដ្ឋី Jho Low កំពុងតែរត់គេចខ្លួនពីការចោទប្រកាន់បទល្មើសជាច្រើនករណី ខណៈគេសង្ស័យថា រូបគាត់កំពុងសម្ងំលាក់ខ្លួននៅក្នុងប្រទេសចិន៕

លោកមហាសេដ្ឋីម៉ាឡេស៊ី Jho Low

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






