ការសិក្សាមួយបង្ហាញថា រលកកម្តៅនឹងរុញឲ្យពលរដ្ឋឥណ្ឌា ៨០% ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់
- BY
- Pheakdey
- April 20, 2023
ឥណ្ឌា៖ ការសិក្សាមួយបានបង្ហាញថា រលកកម្តៅនឹងបន្តគំរាមគំហែងប្រទេសឥណ្ឌាកាន់តែអាក្រក់ខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសានេះ។ នៅក្នុងការសិក្សាដែលត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge ក្នុងចក្រភពអង់គ្លេសមួយនេះបានបង្ហាញថា ផលប៉ះពាល់ដែលឥណ្ឌាត្រូវទទួលរងពីរលកកម្តៅនោះមានដូចជា ត្រូវបិទសាលារៀន ពលរដ្ឋធ្លាក់ខ្លួនឈឺ និងស្លាប់ ខណៈផលដំណាំជាច្រើននឹងត្រូវបំផ្លាញ។

ប្រភពខាងលើបានបន្តថា រលកកម្តៅនឹងរុញច្រានឲ្យពលរដ្ឋឥណ្ឌាប្រមាណជា ៨០% នៅក្នុងចំណោមពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់ត្រូវរស់នៅក្នុងស្ថានភាពគ្រោះថ្នាក់។ ចំពោះទំហំនៃការខាតបង់សរុបវិញនៅមិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈនៅពេលនេះក្រុមសមាជិកសភាឥណ្ឌាកំពុងបើកការសិក្សាជាពិសេសមួយ ដើម្បីធ្វើការប៉ាន់ប្រមាណថា តើបញ្ហារលកកម្តៅនេះនឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិឥណ្ឌាក្នុងទំហំកម្រិតណា។ សូមបញ្ជាក់ជូនថា ថ្មីៗនេះសីតុណ្ហភាពជាមធ្យមនៅតាមរដ្ឋមួយចំនួនក្នុងប្រទេសឥណ្ឌាបានកើនដល់ ៣៨អង្សាសេ ហើយកាលពីថ្ងៃអាទិត្យកន្លងទៅនេះរលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋឥណ្ឌាចំនួន ១១នាក់ ខណៈពលរដ្ឋជាច្រើនរយនាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






