អន្តរជាតិ

របាយការណ៍មួយបង្ហាញថា ខ្យល់កខ្វល់បានបណ្តាលឲ្យកុមារនៅអឺរ៉ុបប្រមាណជា ១,២០០នាក់ត្រូវបាត់បង់ជីវិតនៅក្នុងមួយឆ្នាំ

BY
Pheakdey
April 24, 2023

របាយការណ៍មួយបង្ហាញថា បញ្ហាខ្យល់កខ្វក់បានបណ្តាលឲ្យមានកុមារនៅតំបន់អឺរ៉ុប (ក្រុមពលរដ្ឋដែលមានអាយុក្រោម ១៨ឆ្នាំ) ​ប្រមាណជា ១,២០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមេសានេះ។ របាយការណ៍គួរឲ្យកត់សម្គាល់មួយនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារបរិស្ថាននៃសហភាពអឺរ៉ុប ដែលបានធ្វើការសិក្សាអំពីបញ្ហាបរិស្ថាននៅក្នុងប្រទេសចំនួន ៣០ ដោយក្នុងនោះក៏មានទាំងប្រទេសចំនួន ២៧ ដែលជាសមាជិកសហភាពអឺរ៉ុបផងដែរ។

នៅក្នុងរបាយការណ៍ដដែលនេះបានបង្ហាញថា បញ្ហាខ្យល់កខ្វក់នៅក្នុងតំបន់អឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងប្រទេសអ៊ីតាលីសុទ្ធតែស្ថិតនៅក្នុងកម្រិតខ្ពស់លើសពីការណែនាំរបស់អង្គការសុខភាពពិភពលោក ពោលគឺជាកម្រិតដែលមានហានិភ័យខ្ពស់ចំពោះសុខភាព និងជាពិសេសនោះគឺចំពោះក្រុមមនុស្សដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយស្រាប់។ ប្រភពខាងលើបានបន្តថា កាលពីឆ្នាំ ២០២០ កន្លងទៅគឺជាឆ្នាំដែលមានពលរដ្ឋអឺរ៉ុបយ៉ាងច្រើនបានស្លាប់បាត់បង់ជីវិតព្រោះតែបញ្ហាខ្យល់កខ្វក់ ពោលគឺនៅទូទាំងអឺរ៉ុបទាំងមូលមានពលរដ្ឋប្រមាណជា ២៣៨,០០០នាក់បានស្លាប់ដោយបញ្ហាសុខភាពផ្សេងៗដែលបង្កឡើងពីខ្យល់កខ្វក់។ នៅក្នុងរបាយការណ៍បានបន្តទៀតថា ក្រៅតែពីបានបណ្តាលឲ្យមានមនុស្សជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិតហើយ ខ្យល់កខ្វក់ក៏បានជម្រុញឲ្យពលរដ្ឋជាច្រើននាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ និងឈឺក្នុងរយៈពេលវែងផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: