អន្តរជាតិ

នេប៉ាល់សម្រេចកំណត់ចំនួនអ្នកទេសចរដែលអនុញ្ញាតឲ្យដើរឡើងលើកំពូលភ្នំអេវឺរេស ខណៈតម្លៃសំបុត្រសម្រាប់ដើរឡើងម្តងគឺ ១១,០០០ដុល្លារ

BY
Pheakdey
April 25, 2023

នេប៉ាល់៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី២៤ ខែមេសា ម្សិលមិញនេះបានឲ្យដឹងថា អាជ្ញាធរទេសចរណ៍នៃប្រទេសនេប៉ាល់បានសម្រេចបើកឲ្យអ្នកទេសចរអន្តរជាតិអាចធ្វើដំណើរឡើងលើកំពូលភ្នំអេវឺរេសនារដូវផ្ការីកក្នុងឆ្នាំនេះបានហើយ ខណៈនៅក្នុងរដូវកាលនេះអាជ្ញាធរនឹងធ្វើការកំណត់ចំនួនមនុស្សទុកជាមុន។ តាមគម្រោងគឺអាជ្ញាធរនេប៉ាល់នឹងអនុញ្ញាតឲ្យមានអ្នកដំណើរត្រឹមតែ ៤៥៤នាក់ប៉ុណ្ណោះដែលអាចដើរឡើងលើកំពូលភ្នំបាន ដោយក្នុងនោះមានអ្នកដំណើរចំនួន ៩៦នាក់មកពីប្រទេសចិន អ្នកដំណើរចំនួន ៨៧នាក់មកពីសហរដ្ឋអាមេរិក​ ហើយក្រៅពីនេះគឺអ្នកដំណើរមកពីតាមបណ្តាប្រទេសផ្សេងៗក្នុងចំនួនតិចតួច។

បើតាមលោក Bigyan Koirala តំណាងអាជ្ញាធរទេសចរណ៍នេប៉ាល់បានបញ្ជាក់ថា​ ការសម្រេចកំណត់ចំនួនអ្នកដំណើរនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចៀសភាពកកស្ទះនៅតាមផ្លូវដើរឡើងទៅលើកំពូលភ្នំ ដ្បិតភាពកកស្ទះនេះអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះអ្នកដំណើរផងដែរ។ កាលពីឆ្នាំ ២០១៩ កន្លងទៅ មានអ្នកដំណើរចំនួន ៤នាក់ក្នុងចំណោមអ្នកដំណើរចំនួន ១១នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីពួកគេត្រូវរងចាំដើរទៅកាន់កំពូលភ្នំក្នុងរយៈពេលជាច្រើនម៉ោងនិងស្ថិតនៅក្រោមអាកាសធាតុត្រជាក់ខ្លាំង។

ប្រភពខាងលើបានបន្តថា នៅក្នុងឆ្នាំនេះគឺមានអ្នកដំណើរប្រមាណជា ៩០០នាក់ ដែលបានមកដាក់ពាក្យសុំដើរឡើងលើកំពូលភ្នំអេវឺរេស ខណៈនៅក្នុងដំណាក់កាលដំបូងនេះគឺអាជ្ញាធរបានសម្រេចអនុញ្ញាតត្រឹមតែ ៤៥៤នាក់ប៉ុណ្ណោះ ហើយការសម្រេចអនុញ្ញាតបន្ថែមយ៉ាងណានោះនឹងត្រូវធ្វើឡើងនៅពេលក្រោយទៀតអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ សូមបញ្ជាក់ជូនថា អាជ្ញាធរនេប៉ាល់បានគិតប្រាក់ចំពោះអ្នកទេសចរម្នាក់ក្នុងតម្លៃ ១១,០០០ដុល្លារសម្រាប់ការដើរឡើងលើភ្នំអេវឺរេស ដូចនេះចំពោះសំបុត្រចំនួន ៤៥៤ខាងលើនេះគឺអាជ្ញាធរនេប៉ាល់អាចប្រមូលប្រាក់បានជាង ៤,៩លានដុល្លារ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: