តុលាការថៃសម្រេចកាត់ទោសបុរសម្នាក់ឲ្យជាប់គុក ៦ខែ និងពិន័យជាង ៤ពាន់ដុល្លារ ចំពោះសកម្មភាពបង្ហោះរូបភាពនិងផ្សព្វផ្សាយអំពីស្រាបៀរនៅលើបណ្តាញសង្គម Facebook
- BY
- Pheakdey
- April 25, 2023
ថៃ៖តុលាការថៃសម្រេចធ្វើការពិន័យបុរសម្នាក់ជាប្រាក់ចំនួន ១៥០,០០០បាត (៤,៣៦០ដុល្លារ) ក្រោយរូបគាត់បានធ្វើសកម្មភាពបង្ហោះរូបភាពស្រាបៀរនិងនិយាយរៀបរាប់អំពីគុណភាពរបស់ស្រាបៀរនោះជាសាធារណៈ (លក្ខណៈធ្វើ Review) នៅលើបណ្តាញសង្គមសង្គម Facebook នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី២៥ ខែមេសានេះ។ បុរសដែលត្រូវទទួលរងនូវការពិន័យនេះមានឈ្មោះថា Artid Sivahansaphan ហើយសកម្មភាពរបស់គាត់នោះគឺបានកើតឡើងតាំងពីឆ្នាំ ២០២០ ម្លេះ តែសេចក្តីសម្រេចផ្លូវការរបស់តុលាការទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ 
ប្រភពខាងលើបានបន្តថា ដំបូងឡើយលោក Artid Sivahansaphan ត្រូវរងនូវការពិន័យជាប្រាក់រហូតដល់ ២០០,០០០បាត (៥,៨១០ ដុល្លារ) និងជាប់គុករយៈពេល ៨ខែ ចំពោះបទល្មើសខាងលើនេះ តែក្រោយមករូបគាត់បានផ្តល់សក្ខីកម្មមានប្រយោជន៍មួយចំនួនទៅកាន់តុលាការដើម្បីពន្លឿននីតិវិធីក្នុងការដោះស្រាយករណីមួយនេះទើបតុលាការសម្រេចបន្ថយទោសឲ្យគាត់ត្រូវបង់ប្រាក់ត្រឹមចំនួន ១៥០,០០០បាត (៤,៣៦០ដុល្លារ) និងជាប់គុកក្នុងរយៈពេល ៦ខែ ខណៈតុលាការក៏បានសម្រេចអនុញ្ញាតឲ្យរូបគាត់អាចព្យួរទោសជាប់គុកនេះទៀតផង។
យ៉ាងណាក្តី លោក Artid Sivahansaphan បានប្រាប់ឲ្យដឹងថា គាត់គ្រោងនឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចផ្តន្ទាទោសខាងលើនេះ ដោយរូបគាត់យល់ឃើញថា ការអនុវត្តច្បាប់នេះគឺមិនយុត្តិធម៌ចំពោះអ្នកប្រើប្រាស់និងសហគ្រិនខ្នាតតូចនោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០០៨ ប្រទេសថៃបានសម្រេចអនុវត្តច្បាប់ស្តីការហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងដោយច្បាប់នេះបានកំណត់ថា “ជនណាដែលបានធ្វើសកម្មភាពផ្សាយពាណិជ្ជកម្ម ឬបង្ហាញដោយផ្ទាល់ ឬដោយប្រយោលនូវឈ្មោះ ឬពាណិជ្ជសញ្ញានៃភេសជ្ជៈមានជាតិអាល់កុលគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត” អាចនឹងត្រូវរងនូវការពិន័យជាប្រាក់រហូតដល់ ៥០០,០០០បាត (១៤,៥៤០ដុល្លារ) និងជាប់គុករហូតដល់ ១ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






