អន្តរជាតិ

សិង្ហបុរីប្រហារជីវិតបុរសម្នាក់ដោយព្យួរក ជុំវិញករណីសមគំនិតជួញដូរកញ្ឆា ១គីឡូក្រាម

BY
Pheakdey
April 26, 2023

សិង្ហបុរី៖ នៅក្នុងថ្ងៃពុធ ទី២៦ ខែមេសានេះ​ អាជ្ញាធរសិង្ហបុរីបានអនុវត្តទោសប្រហារជីវិតបុរសម្នាក់ដោយធ្វើការព្យួរក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post។ អ្នកទោសដែលត្រូវប្រហារជីវិតរូបនេះមានឈ្មោះថា តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ (Tangaraju Suppiah) អាយុ ៤៦ឆ្នាំ ត្រូវបានចាប់ខ្លួននិងផ្ដន្ទាទោសពីបទសមគំនិតជួញដូរកញ្ឆាដែលមានទម្ងន់ចំនួន ១គីឡូក្រាម។

អ្នកទោស តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់

គួររម្លឹកជូនថា សកម្មភាពបទល្មើសរបស់លោក តាន់ហ្ការ៉ាជូ ស៊ូបពីយ៉ាស់ បានកើតឡើងតាំងពីឆ្នាំ ២០១៧ ម្ល៉េះ ខណៈការសម្រេចផ្តន្ទាទោសចំពោះរូបគាត់ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ហើយការអនុវត្តទោសជាក់ស្តែងទើបត្រូវបានធ្វើឡើងនៅក្នុងថ្ងៃនេះនៅឯពន្ធនាគារ Changi ភាគខាងកើត​សិង្ហបុរី។ សូមបញ្ជាក់ជូនផងដែរថា ជុំវិញករណីនេះគឺមានសាធារណៈជននិងអង្គការសិទ្ធមនុស្សជាច្រើនបានអំពាវនាវឲ្យអាជ្ញាធរសិង្ហបុរីលុបចោលការអនុវត្តទោសដ្បិតវាមានលក្ខណៈអមនុស្សធម៌ តែយ៉ាងណាក្តីអាជ្ញាធរសិង្ហបុរីមិនស្តាប់តាមការអំពាវនាវទាំងនោះឡើយ ហើយបន្តធ្វើការប្រហារជីវិតអ្នកទោសដោយផ្អែកទៅតាមច្បាប់ជាធរមាន៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning

 

Share This Post: