ពលរដ្ឋកេនយ៉ាជិត ៦០នាក់បានបាត់បង់ជីវិតព្រោះស្រែកឃ្លានអាហារក្នុងករណីនាំគ្នាប្រតិបត្តិជំនឿសាសនាមួយដើម្បីបានឡើងស្ថានសួគ៌
- BY
- Pheakdey
- April 26, 2023
កេនយ៉ា៖ អាជ្ញាធរកេនយ៉ាបានរកឃើញសាកសពមនុស្សចំនួន ៥៨នាក់ ដែលបានស្លាប់បាត់បង់ជីវិតដោយសារអត់អាហារ ខណៈដើមហេតុដែលជំរុញឲ្យជនរងគ្រោះទាំងនេះត្រូវស្លាប់បាត់បង់ជីវិតគឺដោយសារតែពួកត្រូវប្រតិបត្តិខ្លួនតាមជំនឿសាសនាបែបអរូបិយមួយដើម្បីបានឡើងទៅកាន់ស្ថានសួគ៌។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៥ ខែមេសានេះបានឲ្យដឹងថា សាកសពរបស់ជនរងគ្រោះខាងលើនេះត្រូវបានរកឃើញនៅក្នុងផ្នូដ៏ធំមួយនៅក្នុងដីព្រៃ Shakahola ស្ថិតនៅក្នុងតំបន់ Kilifi ភាគខាងលិចនៃប្រទេសកេនយ៉ា។

បើតាមអាជ្ញាធរកេនយ៉ាបានបញ្ជាក់ថា ទីតាំងដែលជាកន្លែងកើតហេតុនោះគឺជាកម្មសិទ្ធរបស់មេដឹកនាំសាសនាម្នាក់ឈ្មោះ Paul Mackenzie Nthege ខណៈបុគ្គលរូបនេះក៏ត្រូវបានគេរកឃើញថា គឺជាអ្នកណែនាំឲ្យជនរងមកាន់ទីតាំងនេះដើម្បីប្រតិបតិ្តនូវជំនឿសាសានាមួយដ៏ងប់ងុលមួយរហូតទាល់តែត្រូវអត់អាហារស្លាប់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ នៅមានពេលរដ្ឋជាច្រើនទៀតដែលមានចំនួនសរុប ១១២នាក់ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនពាក់ព័ន្ធនឹងករណីខាងលើនេះ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះលោក Paul Mackenzie Nthege ត្រូវបានអាជ្ញាធរកេនយ៉ាឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ខណៈគេរំពឹងថានឹងអាចបន្តរកឃើញសាកសពជនរងគ្រោះបន្ថែំមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






