ការសិក្សាមួយបានរកឃើញថា ចំនួនពលរដ្ឋជប៉ុននឹងត្រូវថយចុះអស់ជិត ៤០លាននាក់ត្រឹមឆ្នាំ ២០៧០
- BY
- Pheakdey
- April 27, 2023
ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា ចំនួនប្រជាពលរដ្ឋជប៉ុននឹងបន្តថយចុះក្នុងចំនួនយ៉ាងច្រើននាពេលអនាគត ហើយនៅត្រឹមឆ្នាំ ២០៧០ ខាងមុខនេះចំនួនពលរដ្ឋជប៉ុនអាចនឹងថយចុះអស់ជិត ៤០លាននាក់នៃចំនួនពលរដ្ឋសរុប ១២៦,១៥លាននាក់ បើគិតតាមតួលេខផ្លូវការនៅក្នុងឆ្នាំ ២០២០។ ការសិក្សានេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានជាតិស្រាវជ្រាវប្រជាជន និងសន្តិសុខនៃប្រទេសជប៉ុន និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី២៦ ខែមេសានេះ។

នៅក្នុងការសិក្សាខាងលើបានព្យាករណ៍ថា នៅត្រឹមឆ្នាំ ២០៥៦ ចំនួនពលរដ្ឋជប៉ុននឹងត្រូវធ្លាក់នៅសល់ក្រោម ១០០លាននាក់ ខណៈនៅក្នុងឆ្នាំ ២០៧០ ចំនួនពលរដ្ឋជប៉ុននឹងត្រូវថយចុះមកសល់ត្រឹមប្រមាណជា ៨៧លាននាក់ប៉ុណ្ណោះ។ នៅក្នុងការសិក្សាបានបន្តទៀតថា សម្រាប់នៅក្នុងឆ្នាំ ២០៧០នោះ គឺពលរដ្ឋជប៉ុនដែលមានអាយុលើសពី ៦៥ឆ្នាំនឹងគ្របដណ្តប់ ៤០%នៃចំនួនពលរដ្ឋសរុប ហើយបើគិតតែពីចំនួនប្រជាជនដែលស្ថិតនៅក្នុងប្រភេទមនុស្សវ័យចំណាស់នេះ គឺតួលេខពលរដ្ឋវ័យចំណាស់នឹងត្រូវថយចុះអស់ប្រមាណជា ៣៣,៦៧លាននាក់។ របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមពលរដ្ឋជប៉ុនចំនួន ៨៧លាននាក់នៅក្នុងឆ្នាំ ២០៧០នោះក៏មានលាយបញ្ចូលនូវពលរដ្ឋបរទេសចំនួន ១០,៨% ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger
- Share This Post:






